(វីដេអូ) ដឹងតែសប្បាយហើយ! ខេត្តបន្ទាយមានជ័យ នឹងរៀបចំកម្មវិធី «ចូលឆ្នាំបន្ទាយឆ្មារ» ៤ ថ្ងៃជាប់គ្នា
ថ្មីៗនេះក្រសួងព័ត៌មាន បានចុះផ្សាយថា ប្រជាពលរដ្ឋក្មេងចាស់ប្រុស ស្រី យុវជន យុវតីរស់ នៅតំបន់ភាគពាយ័ព្យប្រទេសកម្ពុជា យើងនឹងមានឱកាសបានចូលរួមកម្សាន្តសប្បាយរីករាយក្នុងព្រឹត្តិការណ៍ «ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព» ដែលព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៦ ខែមេសា ឆ្នាំ ២០២៣។
កម្មវិធីកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ «ចូលឆ្នាំបន្ទាយឆ្មារ» នឹងរួមមានការប្រគំតន្ត្រីស្គរដៃ ការលេងល្បែងប្រជាប្រិយ ការបណ្ដែតប្រទីប និង គោម ការប្រកួតគុណល្បុកត្តោ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ការប្រគំតន្រ្តីចូលរួម ដោយតារាល្បីៗ ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ បន្ទាយឆ្មារត្រជាក់ចិត្ត និង ទស្សនីយភាពល្ខោនខោល។
គួរដឹងដែរថា ព្រឹត្តិការណ៍ «ចូលឆ្នាំបន្ទាយឆ្មារ» គ្រោងរៀបចំជាលើកទី ១ ម្ដងហើយកាលពីឆ្នាំ ២០២០ កន្លងទៅ ប៉ុន្តែត្រូវបានខកខានវិញ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយដំណឹងស្ដីការរៀបព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារបានទទួលការអបអសារទរគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋ ពិសេសយុវជនភាគពាយ័ព្យប្រទេស៕
ប្រភព និង រូបភាពដោយ៖ ក្រសួងព័ត៌មាន និង ចូលឆ្នាំបន្ទាយឆ្មារ