ដំណាំ ស្វាយចន្ទី បានផលច្រើន ជាទំនិញកសិកម្មនាំចេញលំដាប់ទី ៣ បន្ទាប់ពីស្រូវ និង ដំឡូងមី
យោងតាមក្រសួងព័ត៌មាន ចុះផ្សាយនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ ក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជា ទៅជាអធិរាជចន្ទី។
យ៉ាងណាមិញ កម្ពុជា បាន និង កំពុងផលិតស្វាយចន្ទីមានគុណភាពទៅប្រកួតប្រជែងនៅទីផ្សារជាតិ និង អន្តរជាតិ ដែលបាននាំចេញកើនឡើងជាបន្តបន្ទាប់ បើទោះបីជាស្ថិតក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ និង តម្រូវការផលិតផលកសិកម្មនាំចេញមានការថយចុះយ៉ាងណាក៏ដោយ ប៉ុន្តែស្វាយចន្ទីនៅតែជាដំណាំឧស្សាហកម្មនាំចេញលំដាប់ទី៣ បន្ទាប់ពីស្រូវ និង ដំឡូងមី។
មិនតែប៉ុណ្ណោះ បើយោងតាមរបាយការណ៍សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រយៈពេល ២ ខែក្នុងឆ្នាំ២០២៣ នេះកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ១១៤ ១៩៣.៩៣ តោនទៅកាន់ប្រទេសចំនួន ៤ ដូចជា វៀតណាម (១១៤ ១៤០.៥៣ តោន) ជប៉ុន (២៧ តោន) ថៃ (២០ តោន) និង កូរ៉េ (៦.៤០ តោន) ហើយស្របតាមការចង្អុលបង្ហាញរបស់សម្តេចតេជោ ក្រសួងកសិកម្មក៏បានលើកផែនការអាទិភាពចំនួន ៣ សំខាន់ៗ ដោយផែនការអាទិភាពទី ៣ គឺអនុវត្តគោលនយោបាយជាតិស្តីពីចន្ទី។
គួរបញ្ជាក់ដែរថា កម្ពុជា មានធនធានកែច្នៃគ្រាប់ស្វាយចន្ទីនៅមានកម្រិតនៅឡើយ ដោយភាគច្រើនការនាំចេញស្វាយចន្ទីមានទម្រង់ជាគ្រាប់ស្រស់ ដែលចាំបាច់ទាមទារឱ្យមានការចូលរួមវិនិយោគពីដៃគូសហការនានា៕
ប្រភព និង រូបភាពដោយ៖ ក្រសួងព័ត៌មាន