អ្នកជំនាញកំពុងបារម្ភ ខណៈបច្ចេកវិទ្យា AI អាចនឹងធ្វើឱ្យប៉ះពាល់ ៣០០ លានការងារ របស់មនុស្ស
នាពេលថ្មីៗនេះ របាយការណ៍របស់ធនាគារវិនិយោគ Goldman Sachs បាននិយាយថា បច្ចេកវិទ្យា AI អាចនឹងជំនួសការងារពេញម៉ោងរបស់មនុស្សប្រមាណជា ៣០០ លានការងារ។ ជាក់ស្ដែងពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបមួយនេះ អាចជំនួសការងារប្រមាណមួយភាគបួន នៅសហរដ្ឋអាមេរិក និង អឺរ៉ុប។
ជាមួយគ្នានេះដែរ លេខាធិការបច្ចេកវិទ្យា Michelle Donelan បានប្រាប់សារព័ត៌មាន The Sun ថា ៖ «យើងចង់ធ្វើឱ្យប្រាកដថា បច្ចេកវិទ្យា AI កំពុងបំពេញបន្ថែមនូវរបៀប ដែលយើងធ្វើការនៅចក្រភពអង់គ្លេស ដោយមិនមានការរំខាន ដោយវានឹងធ្វើឱ្យការងារកាន់តែប្រសើរឡើង ហើយផលប៉ះពាល់របស់ AI នឹងប្រែប្រួលតាមវិស័យផ្សេងៗគ្នា»។
យ៉ាងណាមិញ ពីមុនមកក៏ធ្លាប់បានការរាយការណ៍ពីក្តីបារម្ភរបស់វិចិត្រករមួយចំនួនថា ម៉ាស៊ីនបង្កើតរូបភាព AI អាចប៉ះពាល់ដល់អនាគតការងាររបស់ពួកគេ ដូចគ្នានេះដែរលោក Carl Benedikt Frey នាយកការងារនាពេលអនាគតនៅសាលា Oxford Martin នៃសាកលវិទ្យាល័យ Oxford បានប្រាប់សារព័ត៌មាន BBC ថា ៖ «រឿងតែមួយគត់ ដែលខ្ញុំប្រាកដនោះគឺថា មិនមានវិធីណាមួយដឹងទេថា ការងារប៉ុន្មាននឹងត្រូវបានជំនួសដោយ AI ជំនាន់ថ្មីនេះ។ ឧទាហរណ៍ដូចជា កម្មវិធី ChatGPT គឺកំពុងតែអនុញ្ញាតឱ្យមនុស្សកាន់តែច្រើនមានជំនាញសរសេរអត្ថបទ ដូច្នេះអ្នកសារព័ត៌មានអាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែច្រើន ដែលនឹងជំរុញឱ្យប្រាក់ឈ្នួលធ្លាក់ចុះ»។
ទន្ទឹមនឹងនេះ ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ការផ្លាស់ប្តូរបច្ចេកវិទ្យាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ បានកាត់បន្ថយការងារលឿនជាងបង្កើតការងារ ហើយប្រសិនបើ AI រីកចម្រើនកាន់តែខ្លាំង វាអាចនឹងកាត់បន្ថយការងារក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់រយៈពេលវែងរបស់ AI មានភាពមិនប្រាកដប្រជាខ្លាំងណាស់ ដោយនាយកប្រតិបត្តិនៃ Resolution Foundation Think Tank Torsten Bell បានលើកឡើងថា ៖ «យើងមិនដឹងថាតើបច្ចេកវិទ្យានឹងវិវឌ្ឍដោយរបៀបណា ឬក្រុមហ៊ុននឹងបញ្ចូលវាទៅក្នុងរបៀបដែលពួកគេធ្វើការនោះទេ។ នោះមិនមែនមានន័យថា AI នឹងមិនរំខានដល់របៀបដែលយើងធ្វើការទេ ប៉ុន្តែយើងគួរតែផ្តោតលើការទទួលបានស្តង់ដាររស់នៅ ដែលមានសក្តានុពលពីការងារដែលមានផលិតភាពខ្ពស់ និង សេវាកម្មដែលមានតម្លៃថោកជាង ក៏ដូចជាហានិភ័យនៃការធ្លាក់ចុះ ប្រសិនបើក្រុមហ៊ុន និង សេដ្ឋកិច្ចផ្សេងទៀត អាចនឹងសម្របខ្លួនបានល្អទៅនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យានេះ»៕
ប្រភព ៖ BBC