ឡូយណាស់! បន្តិចទៀត «នំបញ្ចុកសៀមរាប» នឹងមានឈ្មោះនៅទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជីម៉ាកជាផ្លូវការ
កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ មន្ទីរព័ត៌មានខេត្តសៀមរាប បានបង្ហោះតាមរយៈហ្វេសប៊ុកផេកថា នំបញ្ចុកសៀមរាបដែលជាឈ្មោះផ្លូវការរបស់នំបញ្ចុកព្រះដាក់ នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្រោយពីចុះបញ្ជីម៉ាកសមូហភាពនាពេលខាងមុខនេះ។
ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានលើកឡើងថា ៖ «ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និង ជំរុញការកែច្នៃផលិតផលនាំចេញ ដូចមានចែងនៅក្នុងយុទ្ធសាស្ត សមាហរណកម្មពាណិជ្ជកម្មឆ្នាំ ២០១៩-២០២៣ ក្រសួងពាណិជ្ជកម្ម បាន និង កំពុងបង្កើនល្បឿនចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និង ម៉ាកសមូហភាព ដោយក្នុងនោះ «នំបញ្ចុកសៀមរាប» ក៏ត្រូវបានកំណត់ជាផលិតផលសក្តានុពល ហើយគ្រោងចុះបញ្ជីម៉ាកសមូហភាពនៅពាក់កណ្ដាលខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនំបញ្ចុករបស់កម្ពុជា នៅលើទីផ្សារជាតិ និង អន្តរជាតិ»។
មិនតែប៉ុណ្ណោះ ឯកឧត្តមបានបន្ថែមយ៉ាងដូច្នេះទៀតថា ៖ «នំបញ្ចុកសៀមរាប មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសក្នុងពេលបច្ចុប្បន្ននេះ ដោយសារចំណេះដឹង-ចំណេះធ្វើ តាមបែបប្រពៃណីក្នុងការផលិត ហេតុនេះទើបនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សា និង វាយតម្លៃបឋមអំពីលទ្ធភាពនៃការចុះបញ្ជី «នំបញ្ចុកសៀមរាប» ជាម៉ាកសមូហភាពក្នុងគោលដៅរៀបចំឱ្យមានម៉ាកសម្គាល់រួមមួយសម្រាប់ផលិតផលនំបញ្ចុកកម្ពុជា ដែលផលិត និង ដាំស្លដោយផលិតករក្នុងខេត្តសៀមរាប ព្រមទាំងជំរុញការកែច្នៃ វេចខ្ចប់ឱ្យត្រូវតាមស្ដង់ដារ និង ការតម្រូវសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេសស្របតាមទិសដៅ នៃការធ្វើពិពិធកម្មទំនិញនាំចេញរបស់កម្ពុជាដែលជាផ្នែកមួយគាំទ្រខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុកឱ្យមានការរីកចម្រើន»។
គួរដឹងដែរថា ម៉ាកសមូហភាព នំបញ្ចុកសៀមរាប នឹងដើរតួនាទីបញ្ជាក់អំពីអត្តសញ្ញាណនៃប្រភពដើមផលិតកម្ម បិតលើផលិតផល ដែលដាក់លក់នៅលើទីផ្សារ ដែលវាមិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និង ពង្រីកទីផ្សារនំបញ្ចុកនៅក្រៅប្រទេសនោះទេ ប៉ុន្តែនឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និង បរទេសឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬ យុវជនជូនដល់ភ្ញៀវមកកម្សាន្តក្នុងតំបន់របស់សហគមន៍ អាចបង្កើតប្រភពចំណូលបន្ថែម និង ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ខ្មែរ បន្ថែមទៀតផង។
គួរបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរួមមាន ៖ «អំបិលកំពត-កែប», «បង្កងតាកែវ» និង «ទឹកត្រីកំពត-កែប» ជាមួយនឹងម៉ាកសមូហភាព «អំបុកកំពង់ធំ», «នំបញ្ចុកសៀមរាប», «ក្រូចថ្លុងកោះពីរ» និង «ដូងខ្ទិះបាត់ដំបង» នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ ដែលជាថ្ងៃប្រារព្វពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក៕