ឆ្នាំនេះសប្បាយគ្រប់កន្លែង! សង្រ្កាន្តបាត់ដំបង ក៏មានដាក់តាំងវត្ថុយក្សជាច្រើន មិនចាញ់នៅសៀមរាបទេ
ពេលថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកគេឃើញមានការបង្ហោះរូបភាព វីដេអូជាច្រើនអំពីខេត្តនានា និង តំបន់ផ្សេងៗ ដែលបានរៀបចំសង្រ្កាន្តឆ្នាំថ្មីឱ្យភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ បានចូលលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
ជាមួយគ្នានេះដែរ ខេត្តបាត់ដំបង ដែលជាខេត្តមួយមានសក្ដានុពលខាងផ្នែកទេសចរណ៍ក៏បានប្រកាសរៀបចំធ្វើសង្រ្កាន្តបាត់ដំបង ២០២៣ រយៈពេល ៥ ថ្ងៃដែរ ដោយចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ ក៏ដូចជាហ្វេសប៊ុកផេកសង្រ្កាន្តបាត់ដំបង ក៏បានបង្ហោះរូបភាពជាច្រើនបង្ហាញពីការរៀបចំកម្មវិធី ដែលសម្រេចបានជិត ១០០ ភាគរយហើយ។
យ៉ាងណាមិញ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនក៏បានបង្ហាញក្ដីរំភើបរីករាយក្រៃលែង ព្រោះកាន់តែកៀកថ្ងៃ ខណៈដែលអ្នកខ្លះទៀតក៏មានការចាប់អារម្មណ៍ចំពោះវត្ថុយក្ស ដែលត្រូវបានគេយកទៅដាក់តាំងបង្ហាញក្នុងកម្មវិធីនោះដែរ។ វត្ថុយក្សទាំងនោះមានដូចជា ទន្សាយយក្ស ម្នាស់យក្ស ពោតយក្ស និង ក្រឡានយក្ស ដែលត្រូវបានរៀបចំក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង៕
រូបភាពដោយ ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង និង សង្រ្កាន្តបាត់ដំបង