ការប្រើប្រាស់កង្ហារអគ្គិសនី នៅរដូវក្តៅនេះ នៅតែពេញនិយមបំផុត ព្រោះវាអាចជួយសន្សំសំចៃអគ្គិសនី មានតម្លៃសមរម្យសម្រាប់ជីវភាពមនុស្សទូទៅ។ ថ្វីដ្បិតតែកង្ហារអគ្គិសនី ជារបស់ដែលនិយមប្រើប្រាស់ និង មិនអាចខ្វះបានក្នុងគ្រួសារគ្រប់រូប ប៉ុន្តែមនុស្សជាច្រើន នៅតែមិនដឹងពីរបៀបប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពដោយអចេតនា។ ជាក់ស្ដែង ប្រសិនបើអ្នកធ្វើកំហុសទាំង ៥ យ៉ាងដូចករណីខាងក្រោមនេះ នៅពេលបើកកង្ហារនោះ អ្នកនឹងអាចប្រឈមមុខនឹងជំងឺផ្តាសាយ ជំងឺដាច់សរសៃឈាមខួរក្បាល ឬ ជំងឺផ្លូវដង្ហើមជាដើម។ សកម្មភាពទាំង ៥ យ៉ាង ដែលគួរតែជៀសវាងនោះ មានដូចជា ៖
១. បើកកង្ហារមួយអស់លេខ
ការបើកកង្ហារឱ្យវិលលឿនពេក អាចបណ្តាលឱ្យសីតុណ្ហភាពផ្ទៃនៃស្បែកធ្លាក់ចុះ ធ្វើឱ្យរន្ធញើសរួមតូច និង ញើសមិនអាចចេញក្រៅបាន ធ្វើឱ្យរាងកាយមិនត្រជាក់ ទៅជាក្តៅទៅវិញ ជាពិសេសបណ្ដាលឱ្យអស់កម្លាំងទៀតផង។
២. ប្រើប្រាស់កង្ហារបន្ទាប់ពីងូតទឹករួច
ជាទូទៅ បន្ទាប់ពីងូតទឹក សីតុណ្ហភាពរាងកាយបានធ្លាក់ចុះ។ ដូច្នេះហើយ អ្នកគួរតែជៀសវាងការអង្គុយខាងស្តាំ ឬ មុខកង្ហារ ព្រោះវាអាចធ្វើឱ្យត្រជាក់ និង ធ្វើឱ្យចរាចរឈាមទៅកាន់ខួរក្បាលយឺត។ ក្រៅពីនេះ ការអង្គុយជាមួយកង្ហារ បន្ទាប់ពីងូតទឹក អាចប៉ះពាល់ដល់ចង្វាក់បេះដូង និង សម្ពាធឈាម។ សម្រាប់អ្នកដែលមានសុខភាព និង រាងកាយខ្សោយ ការដេក ដោយប្រើកង្ហារបើកខ្លាំង បន្ទាប់ពីងូតទឹក អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។
៣. គួរតែដាក់កង្ហារនៅចំហៀងគ្រែ ឬ កណ្តាលដងខ្លួន
យោងតាមវេជ្ជសាស្ត្រខាងបូព៌ា ក្បាល និង ជើង គឺជាផ្នែកដែលមានសរសៃប្រសាទ និងសសៃឈាមច្រើនជាងគេ ដែលភ្ជាប់ទៅនឹងបេះដូង ឆ្អឹងខ្នង ខួរក្បាល។ ដូច្នេះបើខ្យល់កង្ហាបែរចំទៅជើង នឹងមិនល្អសម្រាប់បេះដូងឡើយ ដោយសារតែនៅពេលជើងត្រជាក់ បេះដូងត្រូវធ្វើការកាន់តែខ្លាំង ដើម្បីនាំឈាមទៅកាន់ផ្នែកខាងក្រោមនៃរាងកាយដើម្បីរក្សាជើងឱ្យក្តៅ នៅពេលនោះ បេះដូងនឹងនឿយហត់ និង បណ្តាលឱ្យមិនស្រួលបន្ទាប់ពីភ្ញាក់ពីគេង។
៤. អង្គុយមុខកង្ហារភ្លាមៗ បន្ទាប់ពីស្ថិតក្រោមកម្ដៅថ្ងៃ
ក្រោយពីត្រឡប់មកពីក្រោមកម្ដៅថ្ងៃវិញ សីតុណ្ហភាពរាងកាយឡើងខ្ពស់ បែកញើសច្រើន សរសៃឈាមក៏រីក។ នៅពេលនេះ ប្រសិនបើអ្នកអង្គុយនៅពីមុខកង្ហារខ្លាំង អ្នកនឹងឡើងកម្តៅ ខ្យល់ចេញពីកង្ហារនឹងបញ្ឈប់ដំណើរការបញ្ចេញញើស ហើយសរសៃឈាមនឹងរួមតូចភ្លាមៗ នាំឱ្យមានផលវិបាកដូចជាជំងឺផ្តាសាយ និងជំងឺដាច់សរសៃឈាមខួរក្បាល។
៥. ផឹកទឹកកក ពេលអង្គុយមុខកង្ហារ
ការញ៉ាំទឹកត្រជាក់ ពេលអង្គុយមុខកង្ហារ អាចធ្វើឱ្យរាងកាយត្រជាក់លឿន ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព។ ខ្យល់កង្ហារ បូករួមនឹងការទទួលទានទឹកត្រជាក់ នឹងធ្វើឱ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះយ៉ាងឆាប់រហ័ស ដែលអាចនាំឱ្យឈឺក ក្តៅខ្លួន រលាកសួត និងការឆ្លងមេរោគផ្លូវដង្ហើម៕