ស្ដាប់កាសអត់ខ្សែហើយដេកលក់ ងើបឡើងបាត់មួយចំហៀងរកមិនឃើញ តាមពិតនៅក្នុងពោះ
ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ក្រោយមានករណីបុរសម្នាក់ដេកស្ដាប់កាសអត់ខ្សែ តែពេលក្រោកឡើងបាត់មួយចំហៀង ហើយបែរជារកឃើញវានៅក្នុងពោះមិនដឹងថាខ្លួនឯងលេបតាំងពីពេលណា។
យោងតាមការចុះផ្សាយបានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ បានសម្រេចចិត្តដេកស្ដាប់ចម្រៀងដោយប្រើកាសអត់ខ្សែរបស់ខ្លួន ហើយនៅវេលាម៉ោង ៣ ទៀបភ្លឺ នៅពេលដឹងខ្លួនឡើងចង់ចូលបង្គន់ ស្រាប់តែបានបាត់កាសមួយចំហៀងរកមិនឃើញ។
នៅពេលចាក់ចម្រៀងខ្លួនមានអារម្មណ៍ថាឮភ្លេងចេញពីក្នុងពោះ ដោយសង្ស័យពេក និង មិនអស់ចិត្ត បុរសរូបនោះក៏បានទៅមន្ទីរពេទ្យដើម្បីធ្វើការថត X-Ray នៅថ្ងៃបន្ទាប់ ហើយបានរកឃើញថាកាសមួយចំហៀងទៀតពិតជានៅក្នុងពោះរបស់គាត់មែន។
ក្រោយរកឃើញពេទ្យក៏បានឱ្យថ្នាំដើម្បីជួយលាងពោះវៀនធំ ដោយសង្ឃឹមថាកាសនេះនឹងចេញមកក្រៅតាមរយៈការបន្ទោរបង់។ បើមិនមានប្រសិទ្ធភាពបុរសរូបនេះ នឹងត្រូវជួបគ្រូពេទ្យដើម្បីធ្វើការវះកាត់យកចេញ៕