សូមប្រយ័ត្ន! ក្មេងស្រីអាយុ ៥ ឆ្នាំ ញ៉ាំស្ករកៅស៊ូដែលម្តាយលក់រាប់ខែឆ្នាំ រហូតកកស្ទះក្នុងក្រពះពោះវៀនប៉ុនណាណី
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយថ្មីៗនេះ មានក្មេងស្រីអាយុ ៥ ឆ្នាំ ចេះតែលួចញ៉ាំស្ករកៅស៊ូ និង លេបចូលពោះ បង្កបានជាដុំកៅស៊ូមួយយ៉ាងធំស្ទើរប៉ុនទំហំក្រពះមិនរលាយ ធ្វើឱ្យស្ទះក្នុងក្រពះ និង ពោះវៀន។
ទាក់ទិនទៅនឹងរឿងនេះ បើតាមការបញ្ជាក់ពីផេក Dr Beat Richner បានបញ្ជាក់នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ ឱ្យបានដឹងថា ក្មេងស្រីតូចអាយុ ៥ ឆ្នាំខាងលើ ចេះតែលួចញ៉ាំស្ករកៅស៊ូ មិនឱ្យម្តាយដឹងរាប់ខែមកហើយ ព្រោះថាផ្អែមឆ្ងាញ់ ដោយម្តាយជាអ្នកលក់ចាប់ហ៊ួយ និង ស្ករកៅស៊ូនោះផង។ ជាក់ស្ដែង ដុំស្ករកៅស៊ូដែលនាងលេបចូលបន្តិចម្តងៗជាច្រើនខែឆ្នាំ បង្កើតបានជាដុំកៅស៊ូមួយយ៉ាងធំស្ទើរប៉ុនទំហំក្រពះ ធ្វើឱ្យស្ទះក្រពះ និង ពោះវៀន។
ក្រោយរកឃើញបែបនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្រ្គោះជីវិតក្មេងស្រី ដោយឆ្លុះថតក្រពះ និង វះកាត់ក្រពះពោះវៀន ដល់ទៅ ២ លើក ទើបយកដុំស្ករកៅស៊ូនោះបាន ខណៈការព្យាបាលគឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង។
ចំពោះរឿងនេះ ខាងមន្ទីរពេទ្យគន្ធបុប្ផា ក៨ បានសំណូមពរឱ្យអណាព្យាបាលមើលថែកូនចៅតូចៗឱ្យបានល្អ ដោយសារក្មេងៗខ្លះ ចេះតែញ៉ាំរបស់មិនរំលាយអាហារ រាល់ថ្ងៃដដែលៗ (ជាទម្លាប់ចម្លែកនិង កម្រកើតមាន ហើយច្រើនកើតមានលើក្មេងស្រី) បង្កើតបានជាដុំរឹងស្ទះក្នុងក្រពះ ឬ ក្នុងពោះវៀន គេហៅថា «ដុំប៊ីហ្សូអារ»៕