តស់ៗអ្នកភ្នំពេញ! ទៅលេងបុណ្យបញ្ចុះសីមាវត្តបារមីវង្កតបុរី នៅទឹកថ្លា គេធ្វើ ៣ យប់ ៣ ថ្ងៃជាប់គ្នា
យោងតាមសារបង្ហោះលើហ្វេសប៊ុកផេកផ្ទាល់របស់រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅបានឱ្យដឹងថា វត្តបារមីវង្កតបុរីកបិលភ័ស្តុ នឹងមានប្រារព្ធធ្វើពិធីបុណ្យកាត់ឫសសីមាព្រះវិហារ និង សមិទ្ធផលនានាក្នុងវត្ត។
ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌក៏បានបញ្ជាក់ដែរថា សាធារណជនទាំងអស់អាចចូលរួមសប្បាយបានរយៈពេល ៣ យប់ ដោយមានការប្រគំតន្តី្រ សិល្បៈ ព្រមទាំងស្តង់លក់ផលិតផលជាច្រើនក្នុងឱកាសអបអរពិធីបុណ្យកាត់ឫសសីមាព្រះវិហារវត្តបារមីវង្កតបុរីកបិលភ័ស្តុ ដែលមានទីតាំងស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា កម្មវិធីបញ្ចុះខណ្ឌសីមានេះនឹងធ្វើឡើងចាប់ពីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ នេះតទៅរហូតដល់យប់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ។ បើតាមលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានឱ្យដឹងដែរថា ទីតាំងទាំងអស់បានរៀបចំរួចរាល់អស់ហើយ ដោយរួមទាំងចំណតឡាន ម៉ូតូ ដែលអាចបង្កជាលក្ខណៈងាយស្រួលជូនដល់សាធារណជនអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ៕