គ្មានសម្ភារនិយម តែអ្នកផលិតមាតិកា ខ្មែរយើង ៣ រូប ធ្វើម្ហូបបែបស្រុកស្រែធម្មជាតិ មានអ្នកទស្សនាខ្ទង់លាន
អ្នកផលិតមាតិកាវីដេអូបែបស្រុកស្រែចំនួន ៣ រូបនៅកម្ពុជា បានរកឃើញខ្លួនឯងពិត ដោយពួកគាត់ពុំមានសម្ភារនិយមឡូយឆាយបង្ហាញអ្នកទស្សនានោះទេ តែអាចឆាបឆក់បេះដូងអ្នកលេងបណ្ដាញសង្គមឱ្យទស្សនាមិនជិនណាយ តាមរយៈវីដេអូធ្វើម្ហូបបែបស្រុកស្រែចម្ការ និង របៀបរបបរស់នៅស្រុកស្រែយ៉ាងមានក្ដីសុខគួរជាទីទាក់ទាញ គួរឱ្យស្ញើចសរសើរបំផុត។
ជាក់ស្ដែងអ្នកផលិតមាតិកាទាំង ៣ រូបមានដូចជា ៖
១. Chef Pheut
បើកក្បាលវីដេអូដោយពាក្យ «មកទៀតហើយបាទ» អ្នកនិយមតាមដានទស្សនាវីដេអូធ្វើម្ហូប ច្បាស់ជាបានស្គាល់ Chef Pheut ដែលលោកជាចុងភៅ តែងធ្វើម្ហូបប្លែកៗ បែបស្រុកស្រែចម្ការ និង មានសំនៀងសូរសៀងនិយាយបែបរដឺនៗ មិនខុសពីយុវតី ឆម ស្រីផាច ប៉ុន្មាននោះឡើយ ខណៈវីដេអូធ្វើម្ហូប ដើរចាប់សត្វតាមជនបទមកធ្វើអាហារ ក៏មានអ្នកទស្សនាដល់ទៅខ្ទង់លានទៀតផង។
២. ឆម ស្រីផាច
ជាកូនអ្នកខេត្តបន្ទាយមានជ័យ យុវតី ឆម ស្រីផាច ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍តាមរយៈមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់។ យុវតីរូបនេះ បានដាក់ចិត្តដាក់កាយផលិតមាតិកាវីដេអូជាច្រើន ដូចជាការធ្វើម្ហូបផ្សេងៗ រុករករបស់ធម្មជាតិហូប និង វីដេអូជាច្រើនទៀតនៅតាមជនបទបែបស្រុកស្រែចំការ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយ និង ចូលចិត្តទស្សនាក្រៃលែង។
៣. ពូ លី
មិនខុសពីយុវតី ស្រីផាច ប៉ុន្មានទេ តាមរយៈផេកដែលមានឈ្មោះ ពូ លី ក៏និយមធ្វើវីដេអូធ្វើម្ហូបប្លែកៗ បែបស្រុកស្រែដូចគ្នាផងដែរ ខុសត្រង់តែថាមាតិការរបស់លោកមានភាពកំប្លែង និង លេងសើចច្រើនជាងបន្តិច។
ទន្ទឹមនោះ តាមរយៈវីដេអូដែល ពូ លី ផលិតជូនអ្នកលេងបណ្ដាញសង្គមទស្សនា គេសង្កេតឃើញថា មានការកាត់តពោរពេញទៅដោយទេព្យកោសល្យ និង ផ្ដើមសាច់រឿងនៅក្បាលវីដេអូឥតសាំញ៉ាំនោះឡើយ ជាភាពទាក់ឱ្យអ្នកទស្សនាកម្សាន្តសើចសប្បាយ រហូតវីដេអូមានចំនួនអ្នកមើលដល់ទៅរាប់លានដងផងដែរ៕