ពូឈីវ ស្នើអ្នកគាំទ្រយកទង់ជាតិកម្ពុជា ក្រមា មួកខ្មែរ ទៅគាំទ្រការប្រកួតបាល់ទាត់ រវាងកម្ពុជាប៉ះទីម័រខាងកើត
មហាជនអ្នកគាំទ្រវិស័យកីឡាបាត់ទាត់បានជ្រាបមកហើយ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជានឹងបើកទ្វារទទួលការប្រកួតបាល់ទាត់រវាង ឥណ្ឌូណេស៊ី ប៉ះនឹង ហ្វីលីពីន និង កម្ពុជា ប៉ះនឹង ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយការទស្សនាឥតគិតថ្លៃ។
ងាកទៅកាន់ ពូឈីវ ដែលមហាជនបានស្គាល់ច្បាស់ថាជាបុគ្គលម្នាក់តែងលើកតម្កើង និង ជួយកៀងគរក្នុងការផ្សព្វផ្សាយផ្នែកកីឡា ជាពិសេសកីឡាបាល់ទាត់នោះ ក៏បានបង្ហោះសារផ្តាំផ្ញើអ្នកគាំទ្រក្រុមកីឡាបាល់ទាត់កម្ពុជា ឱ្យត្រៀមខ្លួនយកនូវសម្ភារមួយចំនួន ដែលអាចបង្ហាញពីអត្តសញ្ញាណខ្មែរចូលរួមក្នុងការទស្សនាការប្រកួតរបស់កម្ពុជា ទល់នឹង ទីម័រខាងកើតផងដែរ។
ពូឈីវ បានរៀបរាប់ថា ៖ «ខ្ញុំសូមអំពាវនាវដល់អ្នកគាំទ្របាល់ទាត់កម្ពុជាទាំងអស់ ដែលទៅគាំទ្រការប្រកួតផ្ទាល់នៅកីឡដ្ឋានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ បើអាចនាំយក (ទិញ) នូវសម្ភារគាំទ្រទៅជាមួយផងដូចជា ៖ ទង់ជាតិកម្ពុជា ក្រមាខ្មែរ ឬ កន្សែង មួកត្នោតខ្មែរ ស្ទីកគ័រ/គូរមុខទង់កម្ពុជា ត្រែផ្លំ និង ពាក់អាវយឺតពណ៌ខៀវទឹកប៊ិច (ពណ៌ដូចអាវជម្រើសជាតិក្នុងទឹកដី) ឱ្យបានភាគច្រើន ដើម្បីលើកទឹកចិត្តដល់កីឡាករ និង បានបង្ហាញនូវដួងព្រលឹងជាតិខ្មែរ ឬ/និង អត្តសញ្ញាណជាតិខ្មែរឱ្យបណ្តាប្រទេសនានាបានឃើញ។ សូមអរគុណទុកជាមុន (បើអាចបានបងប្អូនពាក់អាវជម្រើសជាតិកម្ពុជា រិតតែប្រសើរ)»៕