តាមការសន្យា! ព្រឹកនេះ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានបញ្ជូនដល់សាលាដំបូងខេត្តកំពតហើយ
ស្នងការដ្ឋាននគរបាលខេត្តកំពត មុននេះបន្តិច បានបង្ហោះរូបលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ នៅសាលាដំបូងខេត្តកំពត ព្រមទាំងបញ្ជាក់បែបនេះថា ៖ «នៅព្រឹកថ្ងៃទី 27.04.23 លោក គឹម បញ្ញា បានបញ្ជូនមកដល់សាលាដំបូងខេត្តកំពតរង់ចាំបន្តនិតិវិធី»។
គួររំឭកផងដែរថា កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ ម្សិលមិញនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះរូបលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ វាស់កម្ពស់នៅស្នងការ ព្រមទាំងបញ្ជាក់បែបនេះថា ៖ «អំពើហិង្សាមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់។ នៅវេលាថ្ងៃស្អែកយើងនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយាកន្លងមក»។
មុននឹងឈានទៅដល់ការបញ្ជូនខ្លួនខាងលើ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះ ស្ត្រីម្នាក់ ឈ្មោះ ម៉ាត់លក្ខិណា ទម្លាយថាស្វាមីឈ្មោះ គឹមបញ្ញា មានតួនាទីជាអភិបាលរងក្រុងបូកគោ បានប្រើអំពើហិង្សាមកលើខ្លួន រហូតដល់ទ្រាំលែងបាន។នេះបើយោងតាមរយៈប្រភពដែលមានគណនីឈ្មោះ Ah Leak បានបញ្ជាក់បែបនេះថា ៖«នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត។ រហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែតនឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប និង video ទាំងនេះដើម្បី ឱ្យបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសមនឹងជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)។ ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីឱ្យរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រាបនិង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ។ នាងខ្ញុំ សូមអរគុណ»៕