យុវជនម្នាក់ឈឺចិត្ត ក្រោយឃើញក្រដាស ១០០ រៀល ត្រូវគេយកចោលរាយប៉ាយ ក្បែរគំនរសំរាម
កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកបានផ្ទុះប្រតិកម្មជាខ្លាំង ក្រោយពីបានឃើញគណនីមួយបានបង្ហោះសាររៀបរាប់ពីបញ្ហារូបិយប័ណ្ណខ្មែរ គឺក្រដាសប្រាក់ ១០០ រៀល ដោយរូបគេបានចោលរាយប៉ាយក្បែរគំនរសំរាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
យោងតាម គណនីហ្វេសប៊ុកមួយនោះ មានឈ្មោះ Heng ដោយម្ចាស់គណនីនេះបានសរសេររៀបរាប់បង្ហោះថា ៖ «សែនខ្លោចចិត្ត! រូបិយប័ណ្ណខ្មែរ ក្រដាស ១០០ រៀល គេយកមកចោលនៅជិតគំនរសំរាម ទល់មុខកន្លែងហាងសាឡនមិត្តភក្តិខ្ញុំ ប្រៀបដូចជាគ្មានតម្លៃសោះ!»។ ការរៀបរាប់ចចែករំលែងពីម្ចាស់គណនីនេះដែរ បានធ្វើឱ្យមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានចូលរួមបញ្ចេញប្រតិកម្មមិនពេញចិត្តចំពោះអ្នកដែលបានមើលងាយក្រដាសប្រាក់ខ្មែរ។
ជាមួយគ្នានោះ ក៏មានចែករំលែក និង បញ្ចេញមតិផងដែរពីរឿងក្រដាសប្រាក់ ១០០ រៀលនេះ នៅភូមិសាស្ត្រខេត្តព្រះសីហនុថា ៖ «នៅកំពង់សោម ភាគច្រើនគឺអត់យកអ៊ីចឹង សូម្បីតែអ្នកសុំទាន ហុចក្រដាស ១០០៛ ឱ្យ ៥ សន្លឹកក៏មិនយកដែរ។ បើអ្នកលក់វិញ យើងខ្វះលុយដុំ សល់តែក្រដាស ១០០៛ សុខចិត្តអត់លក់ឱ្យយើង»។
យ៉ាងណាមិញ បន្ថែមពីលើសំណេរបង្ហោះភ្ជាប់ជាមួយរូបភាពក្រដាស ១០០ រៀល នៅគំនរសំរាមនោះ ម្ចាស់គណនីដែលមានឈ្មោះ Heng ក៏បានបន្ថែមទៀតថា ៖ «កាលពីប៉ុន្មានថ្ងៃមុនខាងសាលាក្រុង បានចុះអប់រំណែនាំអាជីវកម្មមួយចំនួននៅផ្សារលើរួចហើយ ទាក់ទងទៅហ្នឹងការមិនទទួលស្គាល់ក្រដាសប្រាក់ ១០០ ៛ នេះ»។
គួរបញ្ជាក់ដែរថា ការឃើញក្រដាសប្រាក់ ១០០ ៛ ត្រូវគេចោលរាយប៉ានេះ ត្រូវបានគេឃើញនៅក្នុងភូមិចម្ការស្ពៃ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលធ្វើឱ្យមហាជនជាច្រើនបង្ហាញការមិនពេញចិត្តក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយខ្លះបានលើកឡើងថា ៖ «ឃើញនៅស្រុកគេ គេឱ្យតម្លៃលុយគេណាស់ ចុះស្រុកខ្មែរម៉េចមើលងាយលុយខ្មែរម្ល៉េះ? សុំមិនយល់ លុយខ្មែរមួយៗសុទ្ធតែមានន័យ» ហើយគណនីមួយទៀតបានបញ្ចេញមតិថា ៖ «វាពិបាកនិយាយណាស់ ព្រោះអីខាងកំពង់សោម គេមិនចាយវាទេ គ្រាន់តែលុយខ្ញុំមានជិត ១០០០០ ទិញ កន្លែងណាក៏គ្មានអ្នកយកដែរ»៕
ប្រភព និង រូបភាពដោយ ៖ Heng