ស្តាយណាស់! សិល្បៈចេកដាក់តាំងនៅសារមន្ទីរតម្លៃ ១២ ម៉ឺនដុល្លារ ត្រូវនិស្សិតម្នាក់បកហូប ហើយបិតសំបកទៅវិញ ព្រោះហេវពេក
និស្សិតជនជាតិកូរ៉េម្នាក់ បានញ៉ាំចេកបិទជញ្ជាំងដ៏ល្បីរបស់សិល្បករសញ្ជាតិអ៊ីតាលី ដែលបានដាក់តាំងបង្ហាញនៅឯសារមន្ទីរ Seoul Art Museum កាលពីសប្ដាហ៍កន្លងទៅ។
កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ សិល្បករអ៊ីតាលី Maurizio Cattlelan បានធ្វើការដាក់តាំងបង្ហាញស្នាដៃរបស់លោកចំនួន ៣៨ នៅឯសារមន្ទីរនាក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះក៏មានរូបផ្លែចេកបិទជញ្ជាំងដ៏ល្បីរបស់លោកផងដែរ។ យ៉ាងណាមិញ សិល្បៈរបស់លោកដ៏ល្បីមួយនេះ បែរជាត្រូវបាននិស្សិតប្រុសកូរ៉េម្នាក់ រៀនជំនាញផ្នែកវិចិត្រសិល្បៈនៅសាលា Seoul National University ទាញផ្ដាច់ចេញពីជញ្ជាំង រួចក៏បកញ៉ាំយ៉ាងឆ្ងាញ់ មុនយកសំបកចេញបិទស្កុតជាប់នឹងជញ្ជាំងវិញ។
ក្រោយហេតុការណ៍ ខាងបុគ្គលិកសារមន្ទីរក៏បានសួរនិស្សិតរូបនោះចំពោះទង្វើរបស់គេ តែចម្លើយគឺហួសចិត្តជាខ្លាំង ព្រោះគេបានបញ្ជាក់ថា មកពីគេអត់បានញ៉ាំអាហារពេលព្រឹក ទើបធ្វើឱ្យឃ្លានពេកក៏យកញ៉ាំតែម្ដងទៅ។ ទោះជាយ៉ាងណា ខាងសារមន្ទីរក៏មិនបានទាមទារសំណងអ្វីដែរ ដោយខាងលោក Cattelan ក៏យល់ព្រមប្តូរចេកថ្មីរៀងរាល់ ២ ទៅ ៣ ថ្ងៃម្ដង អំឡុងពេលតាំងពិព័រណ៍រយៈពេល ៣ ខែនេះ។
គួររំឭកផងដែរថា នេះមិនមែនជាលើកទី ១ នោះឡើយ ដែលចេកបិទជញ្ជាំងដ៏ល្បីនេះត្រូវបានគេយកញ៉ាំនោះ។ ជាក់ស្ដែង កាលពីឆ្នាំ ២០១៩ កន្លងទៅ សិល្បៈចេកបិទជញ្ជាំងនេះបានដាក់តាំងនៅកន្លែងតាំងពិព័រណ៍ Art Basel នាសារមន្ទីរ Galeria Perrotin ក្នុងសហរដ្ឋអាមេរិក ហើយក៏ត្រូវលោក David Datuna យកញ៉ាំ ត្រឹមប៉ុន្មាននាទី បន្ទាប់ពីនេះលក់បានក្នុងតម្លៃ ១២ ម៉ឺនដុល្លារ៕