ពាក់នាឡិកាពណ៌មាស ស្រាប់តែចៃដន្យមានរន្ទះបាញ់ចំនាឡិកា សឹងដាច់មួយចំហៀង
ហេតុការណ៍មួយ កំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍ហួសចិត្តណាស់ ដែលមានបុរសម្នាក់ ត្រូវរន្ទះបាញ់សឹងដាច់ដៃមួយចំហៀង ព្រោះតែពាក់នាឡិកាពណ៌មាសចាំងពេក។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសថៃ ដោយបុរសរូបនេះបានឱ្យដឹងថា នៅថ្ងៃកើតហេតុ មានភ្លៀង និង ខ្យល់ខ្លាំងណាស់ ខ្លួន និង បងប្រុស ក៏បានរត់ទៅទាញតង់កៅស៊ូ ទៅគ្របឧបករណ៍តន្រ្តីរបស់ខ្លួនដែលនៅលើឡាន ព្រោះខ្លាចត្រូវទឹកខូចខាត។ ហើយពេលនោះ ស្រាប់តែមានរន្ទះបាញ់មកផាំង ខ្លួនក៏មិនចាប់អារម្មណ៍ឡើយ ស្មានតែបាញ់នៅកន្លែងផ្សេង តែដល់តាំងសតិបាន ទើបដឹងថា តាមពិតរន្ទះបាញ់ចំដៃរបស់ខ្លួន ធ្វើឱ្យស្ពឹកខ្លាំងពិបាកនិយាយតែម្តង។
យ៉ាងណាមិញ ខ្លួនក៏បានទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ហើយក្រោយពីព្យាបាលបាន ២ ថ្ងៃ ទើបកើតអាការឈឺចាប់ ដែលវាឈឺខ្លាំងដូចជារលាកទឹកក្តៅដូច្នោះឯង។ ដោយឡែក សម្រាប់មូលហេតុវិញ ខ្លួនគិតថា ប្រហែលមកពីនាឡិកាមាស ព្រោះរន្ទះ គឺបាញ់ចំដៃ ដែលខ្លួនពាក់នាឡិកាតែម្តង ហើយហេតុការណ៍មួយនេះ ពិតជាធ្វើឱ្យខ្លួនភ័យអស់ព្រលឹងមិនស្ទើរឡើយ ព្រោះស្ទើរតែមួយជីវិតហើយ មិនដែលជួបរឿងបែបនេះនោះទេ៕