ចាប់ដៃគ្នា ៦ ឆ្នាំ ឆ្លង ៧០ ប្រទេសជាមួយគ្នា ចុងក្រោយអ្នកផលិតវីដេអូល្បី Nas Daily ប្រកាសចែកផ្លូវជាមួយដៃគូ
Nas Daily ត្រូវបានគេស្គាល់ថា ជា Channel បង្កើតមាតិកាដ៏ល្បីល្បាញ និង ពេញនិយមដែលមានអ្នកគាំទ្រស្ទើរគ្រប់ប្រទេស និង មានក្រុមការងារធ្វើដំណើរស្ទើរជុំវិញពិភពលោក ដើម្បីបង្កើតវីដេអូខ្លីៗអំពីបុគ្គលដែលមានសមត្ថភាព លក្ខណៈពិសេស និង មានស្នាដៃខុសប្លែកពីគេ យកមកបង្ហាញឱ្យអ្នកទស្សនាបានឃើញតាមរយៈបេសកកម្មរបស់ពួកគេ។
ថ្វីបើការងារជោគជ័យលើប្រទេសជាច្រើនជុំវិញពិភពលោក តែស្ថាបនិក Nas Daily បែរជាមកត្រូវជួបរឿងក្រៀមក្រំ ចែកផ្លូវជាមួយដៃគូរ Alyne ដែលធ្លាប់កាន់ដៃគ្នារួមរស់រយៈពេល ៦ ឆ្នាំ ធ្លាប់ឆ្លងកាត់ប្រមាណ ៧០ ប្រទេសជាមួយគ្នា បង្កើតនូវអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ជាមួយគ្នា។
ជាក់ស្ដែង នៅយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ តាមរយៈផេកផ្លូវការ Nas Daily បានបង្ហោះវីដេអូចុងក្រោយរបស់អ្នកទាំង ២ រៀបរាប់ពីដំណើររឿងគ្រប់យ៉ាងដែលឈានទៅដល់ការចែកផ្លូវគ្នាដោយសន្តិវិធី ភ្ជាប់ជាមួយសារបែបនេះ ៖ «នេះជាចុងបញ្ចប់ហើយ Alyne និង ខ្ញុំគឺចែកផ្លូវគ្នា។ ប្រិយមិត្តទាំងអស់ដែលបានដឹងអំពីទំនាក់ទំនងពួកយើងកាលពី ៦ ឆ្នាំមុន អ្នកតែងនៅក្បែរពួកយើងទាំងពេលលំបាក និង រីករាយ អ្នកតែងលើកទឹកចិត្តពួកយើង ដូច្នេះហើយអ្នកគឺស័ក្តិសមនឹងដឹងអំពីក្ដីបញ្ចប់នៃទំនាក់ទំនងរបស់ពួកយើង។ នេះគឺជាវីដេអូវែងបំផុតដែលពួកយើងបានផលិត ១៣ នាទីយ៉ាងវែង។ ខ្ញុំសង្ឃឹមថា វីដេអូនេះនឹងជួយដល់អ្នកដែលកំពុងមានទំនាក់ទំនង សង្ឃឹមថាពួកគេអាចចៀសនូវកំហុសដូចពួកយើង មុនពេលដែលវាហួសវេលា។ រហូតមកទល់ពេលនេះ Alyne និង ខ្ញុំ នៅតែជាមិត្តល្អនឹងគ្នា ដោយគ្មានវិប្បដិសារីនោះឡើយ»៕