ខាងសហគមន៍ខ្នងផ្សារ សុំចិត្តអ្នកទៅលេង កុំបេះបោចផ្កាចាហួយ ព្រោះមួយឆ្នាំរីកតែម្ដងទេ
ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិប្រៀបបានឋានសួគ៌ក្រោមមេឃ ដែលរំលេចខ្លួនឡើងនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីនោះជាទីតាំងប្រសព្វមុំបីផ្សារភ្ជាប់ខេត្តចំនួន ៣ គឺ កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់។
ឈានចូលមកដល់រដូវវស្សានេះ នៅតំបន់ទេសចរណ៍ធម្មជាតិ ខ្នងផ្សារ ខ្នងក្រពើ ពេលនេះចាប់ផ្តើមមានផ្កាចាហួយរីកស្រស់ស្អាតទៀតហើយ អាចឱ្យប្រិយមិត្តទៅទស្សនាកម្សាន្តបាននាតំបន់ដ៏ស្រស់ត្រកាលមួយនេះ។
ទន្ទឹមនឹងផ្កាចាហួយរីកស្រស់ត្រៀបត្រាលើកំពូលភ្នំ ក្នុងរដូវវស្សានេះ ខាង សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ បានបង្ហោះសារសុំចិត្តបងប្អូនមេត្តាកុំបន្តបេះបោចផ្កាចាហួយលើខ្នងផ្សារទៀតអី ដោយផ្កាទាំងនេះ ១ ឆ្នាំរីកតែម្តងទេ ហើយ ១ គុម្ពក៏មានតែ ១ ទងដែរ។ សូមទុកឱ្យបងប្អូនភ្ញៀវទេសចរក្រោយៗ បានមើលឃើញផ្កាដ៏ស្រស់ស្អាតទាំងនេះផង៕