Elon Musk ឆក់បានងារជាមហាសេដ្ឋីលំដាប់ទី ១ ក្នុងពិភពលោកវិញហើយ ក្រោយបាត់តំណែងអស់ច្រើនខែ
សារព័ត៌មាន BBC នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយថា លោក Elon Musk បានដណ្តើមតំណែងជាមហាសេដ្ឋីមានបំផុតទី ១ ក្នុងពិភពលោកមកវិញ ដោយបានផ្តួលថៅកែក្រុមហ៊ុនទំនិញប្រណីតយក្សម៉ាក LMVH គឺលោក Bernard Arnault ឱ្យធ្លាក់ពីតំណែងលេខ ១ មកលេខ ២ វិញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk បានកើនឡើងពីចំនួន ៥៥.៣ ពាន់លានដុល្លារ ចាប់តាំងពីខែមករាមកដល់ឥឡូវមានចំនួន ១៩២ ពាន់លានដុល្លារ ដោយសារតែការកើនឡើងនៃតម្លៃរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោក ខណៈដែលទ្រព្យសម្បត្តិរបស់លោក Bernard Arnault បានធ្លាក់ចុះសល់ត្រឹមតែ ១៨៧ ពាន់លានដុល្លារ។
សូមរំឭកឡើងវិញថា កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅលោក Arnault ដែលជាមហាសេដ្ឋីវ័យ ៧៤ ឆ្នាំបានឡើងលើតំណែងលេខ ១ លើលោក Musk អាយុ ៥១ ឆ្នាំនៅក្នុងបញ្ជីមហាសេដ្ឋីលំដាប់ពិភពលោក ពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន LMVH បានកើនឡើង ស្របនឹងតម្រូវការទំនិញម៉ាកប្រណីតបានកើនឡើង។ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនដែលលោក Musk ក៏បានធ្លាក់ចុះ ព្រោះតែលោកបានទិញប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter មកកាន់កាប់។
ក្រោយមក ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏បានកើនឡើងវិញស្ទើរតែ ៩២ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៣ នេះមក ក្រោយពេលលោក Musk បានប្រកាសឱ្យមានការកាន់កាប់តំណែងជានាយកប្រតិបត្តិ Twitter ជំនួសលោក។ ផ្ទុយពីក្រុមហ៊ុនលោក Musk ក្រុមហ៊ុន LMVH ដែលជាម្ចាស់ម៉ាកល្បីៗរួមទាំង Louis Vuitton និង Christian Dior បានដើរបញ្ច្រាស់គ្នាវិញ ដោយភាគហ៊ុនក្រុមហ៊ុននេះមានការធ្លាក់ចុះដល់ទៅ ១៦ ភាគរយចាប់ពីដើមឆ្នាំមក។
គួរបញ្ជាក់ដែរថា កាលពីខែមករា លោក Arnault បានតែងតាំងកូនស្រីរបស់លោកឈ្មោះ Delphine Arnault អាយុ ៤៧ ឆ្នាំជាប្រធាន Dior ដែលជាហេតុធ្វើឱ្យភាគហ៊ុន LMVH មានភាពរង្គោះរង្គើ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos គឺជាអ្នកមានបំផុតទី ៣ របស់ពិភពលោក ដែលមានទ្រព្យសម្បត្តិ ១៤៦ ពាន់លានដុល្លារ ខណៈដែលលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុប ១២៦ ពាន់លានដុល្លារ៕
ប្រភព ៖ BBC