ក្ដៅៗ! ផ្អាកសកម្មភាព Lee Xin ៦ ខែក្នុងវិស័យកីឡា ក្រោយលើកស្បែកជើងពេលកំពុងផ្សាយផ្ទាល់
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធទៅនឹងការផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់ លោក តែ តេកហេង (Lee Xin) រយៈពេល ៦ ខែ ទៅលើករណីលើកស្បែកជើងពេលកំពុងផ្សាយផ្ទាល់ ក្នុងកំឡុងការប្រកួតរវាងកម្ពុជា និងម៉ាឡេស៊ី វិញ្ញាសារ Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ កន្លងទៅដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមរំឭកផងដែរថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានប្រកាសអញ្ជើញលោក Lee Xin ប្រធានក្រុម Burn X Flash ជាលើកទី ២ ដើម្បីចូលខ្លួនដោះស្រាយនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ ជាមួយសហព័ន្ធជាតិ។
ការប្រកាសអញ្ជើញចូលខ្លួនដោះស្រាយនេះ ទាក់ទិនទៅនឹងករណីបង្ហាញកាយវិការមិនសមរម្យក្នុងកំឡុងពេលផ្សាយផ្ទាល់ការប្រកួតស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងប្រភេទកីឡា Esports វិញ្ញាសា Mobile Legends: Bang Bang បុរស រវាងកម្ពុជា និង ម៉ាឡេស៊ី ប៉ះពាល់ដល់កិត្តិយសជាតិ រហូតមានការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ៕