គ្មានសម្ភារនិយម តែអ្នកផលិតមាតិកាខ្មែរ ៤ រូប ធ្វើម្ហូបបែបស្រុកស្រែធម្មជាតិ ទាញអ្នកចូលទស្សនាខ្ទង់លានៗនាក់
អ្នកផលិតមាតិកាវីដេអូបែបស្រុកស្រែចំនួន ៤ រូបនៅកម្ពុជា បានរកឃើញខ្លួនឯងពិត ដោយពួកគាត់ពុំមានសម្ភារនិយមឡូយឆាយបង្ហាញអ្នកទស្សនានោះទេ តែអាចឆាបឆក់បេះដូងអ្នកលេងបណ្ដាញសង្គមឱ្យទស្សនាមិនជិនណាយ តាមរយៈវីដេអូធ្វើម្ហូបបែបស្រុកស្រែចម្ការ និង របៀបរបបរស់នៅស្រុកស្រែយ៉ាងមានក្ដីសុខគួរជាទីទាក់ទាញ គួរឱ្យស្ញើចសរសើរបំផុត។ ជាក់ស្ដែងអ្នកផលិតមាតិកា ៤ រូបនោះមាន ៖
១. Chef Pheut
បើកក្បាលវីដេអូដោយពាក្យ «មកទៀតហើយបាទ» អ្នកនិយមតាមដានទស្សនាវីដេអូធ្វើម្ហូប ច្បាស់ជាបានស្គាល់ Chef Pheut ដែលលោកជាចុងភៅ តែងធ្វើម្ហូបប្លែកៗ បែបស្រុកស្រែចម្ការ និង មានសំនៀងសូរសៀងនិយាយបែបរដឺនៗ មិនខុសពីយុវតី ឆម ស្រីផាច ប៉ុន្មាននោះឡើយ ខណៈវីដេអូធ្វើម្ហូប ដើរចាប់សត្វតាមជនបទមកធ្វើអាហារ ក៏មានអ្នកទស្សនាដល់ទៅខ្ទង់លានទៀតផង។
២. ឆម ស្រីផាច
ជាកូនអ្នកខេត្តបន្ទាយមានជ័យ យុវតី ឆម ស្រីផាច ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍តាមរយៈមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់។ យុវតីរូបនេះ បានដាក់ចិត្តដាក់កាយផលិតមាតិកាវីដេអូជាច្រើន ដូចជាការធ្វើម្ហូបផ្សេងៗ រុករករបស់ធម្មជាតិហូប និង វីដេអូជាច្រើនទៀតនៅតាមជនបទបែបស្រុកស្រែចំការ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយ និង ចូលចិត្តទស្សនាក្រៃលែង។
៣. ពូ លី
មិនខុសពីយុវតី ស្រីផាច ប៉ុន្មានទេ តាមរយៈផេកដែលមានឈ្មោះ ពូ លី ក៏និយមធ្វើវីដេអូធ្វើម្ហូបប្លែកៗ បែបស្រុកស្រែដូចគ្នាផងដែរ ខុសត្រង់តែថាមាតិការរបស់លោកមានភាពកំប្លែង និង លេងសើចច្រើនជាងបន្តិច។
ទន្ទឹមនោះ តាមរយៈវីដេអូដែល ពូ លី ផលិតជូនអ្នកលេងបណ្ដាញសង្គមទស្សនា គេសង្កេតឃើញថា មានការកាត់តពោរពេញទៅដោយទេព្យកោសល្យ និង ផ្ដើមសាច់រឿងនៅក្បាលវីដេអូឥតសាំញ៉ាំនោះឡើយ ជាភាពទាក់ឱ្យអ្នកទស្សនាកម្សាន្តសើចសប្បាយ រហូតវីដេអូមានចំនួនអ្នកមើលដល់ទៅរាប់លានដងផងដែរ៕
៤. ប្រុស វីន Official
ផេក ប្រុស វីន Official កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាជក់ចិត្តទស្សនា តាមរយៈភាពប៉ិនប្រសប់របស់គេ ក្នុងការច្នៃម្ហូបប្លែកៗ ដោយយកបន្លែ ត្រី សាច់ ឬ ម្ហូបខ្មែរដែលមានស្រាប់ ព្រមទាំងមានតម្លៃធូរថ្លៃ ច្នៃទៅជាអាហារបែបជប៉ុនញ៉ាំមួយម៉ាត់ៗកំពុងពេញនិយម ដែលគេហៅថា «អូម៉ាកាសិ»។