ស្រណោះណាស់! នេះជាប្រវត្តិនារីកូរ៉េល្បី ដែលត្រូវឃាត.កជនជាតិចិនសម្លា.ប់រុំកន្ទេល យកទៅបោះចោលនៅខេត្តកណ្ដាល
សារព័ត៌មានបរទេសជាច្រើន បានចុះផ្សាយពីករណីប្រទះឃើញសាកសពមនុស្សស្រីរុំកន្ទេល ដែលគេស្គាល់ថាជាបុគ្គលល្បីនៅកូរ៉េឈ្មោះ VJ A YEONG ដែលមានឈ្មោះពិតថា BYIN A YEON ។ សាកសពរបស់នាង ត្រូវបានគេយកទៅផ្លុងចោល នៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ទាក់ទិនទៅនឹងករណីកំពុងផ្ទុះល្បីដល់សារព័ត៌មានក្រៅស្រុកនេះផងដែរ បើតាមរយៈផេកពលរដ្ឋកម្ពុជាមួយរូបដែលរស់នៅលើទឹកដីកូរ៉េ និង មានគណនីផេកឈ្មោះថា «មន្ទីរពេទ្យកែសម្ផស្ស និងព្យាបាលស្បែក» បានរៀបរាប់នូវប្រវត្តិ VJ A YEONG ឱ្យបានដឹងថា A YEONG កើតនៅឆ្នាំ ១៩៩០ មានអាយុ ៣៣ ឆ្នាំ មានកម្ពស់ ១.៦៨m ជា VJ នៅក្នុងកម្មវិធីកម្សាន្តដ៏ល្បី និង ពេញនិយមមួយនៅក្នុងប្រទេសកូរ៉េ ដែលមានឈ្មោះថា «afreeca TV»។
តាមរយៈប្រភពដដែលបានឱ្យដឹងទៀតថា តាមរយៈកម្មវិធី afreeca TV នាង A YEONG មានអ្នកតាមដានដល់ទៅ ១៥ ម៉ឺននាក់ ចំណែកឯ គណនី Instagram របស់នាង មានអ្នកតាមដានដល់ទៅ 257K និង ក្លាយជា VJ ស្រីដ៏ល្បីមួយរូបនៅប្រទេសកូរ៉េ។
យ៉ាងណាមិញ ដោយសារតែបញ្ហាសុខភាព A YEONG បានសម្រាកពីការងារពី VJ មួយរយៈមកហើយ ខណៈកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ រូបគេបានបង្ហោះនៅក្នុងគណនី Instagram ថា៖ «ខ្ញុំសូមលា សម្រាក ឈប់ពីការងារពី VJ មួយរយៈសិន ខ្ញុំចង់រស់នៅជាមនុស្សធម្មតា ចាំពេលខ្ញុំត្រឡប់មកកូរ៉េវិញ ចាំខ្ញុំផុសវីដេអូមួយចូលទៅក្នុងគណនីយូធូបរបស់ខ្ញុំ និយាយពីអារម្មណ៍ពិតខ្ញុំ…»។
យ៉ាងណាមិញ បើយោងតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ឱ្យបានដឹងពាក់ព័ន្ធនឹងករណីឃាតកម្មនេះថា នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញ ដោយមានសភាពត្រូវគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅខេត្តកណ្តាល។ ក្រោយធ្វើការស្រាវជ្រាវ ស្នងការក៏ឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ ដែលជាម្ចាស់គ្លីនិកពិគ្រោះជំងឺ ប៉ ខាង ។ ជនសង្ស័យទាំងពីរ មានឈ្មោះថា៖
*ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស អាយុ៣០ឆ្នាំ ជាប្តី
*ទី២៖ ឈ្មោះ CAI HUIJUAN ភេទ ស្រី អាយុ៣៩ឆ្នាំ ជាប្រពន្ធ។
ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួន ដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន ០២ ប្លោក ពេលនោះស្រាប់តែធ្វើឱ្យជនរងគ្រោះប្រកាច់ស្លាប់ នៅក្នុងគ្លីនិករបស់ខ្លួនតែម្ដង។ឃើញដូច្នេះ ជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះ រុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕