អាកាសធាតុក្ដៅខ្លាំងពេក អាជ្ញាធរចិន អំពាវនាវឱ្យពលរដ្ឋភាគខាងត្បូង សន្សំសំចៃភ្លើង
កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ សារព័ត៌មាន Reuters បានចុះផ្សាយថា ទីក្រុងឧស្សាហកម្ម និង ចម្រាញ់ប្រេងនៅភាគខាងត្បូងប្រទេសចិន បាន និង កំពុងជំរុញឱ្យក្រុមហ៊ុន ព្រមទាំងប្រជាពលរដ្ឋទាំងអស់សន្សំសំចៃថាមពលអគ្គិសនី ស្របពេលដែលខេត្ត Hainan ក៏បានអំពាវនាវឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនីតិចបំផុត ព្រោះតែបណ្តាញអគ្គិសនីក្នុងប្រទេសចិន មានបញ្ហាដោយសារតែអាកាសធាតុក្ដៅខ្លាំងពេក។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ភាគខាងត្បូងនៃប្រទេសចិន ត្រូវបានរងការគំរាមកំហែង ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង និង ភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទើបបណ្ដាលឱ្យបន្ទុកអគ្គិសនីក្នុងក្រុងជាច្រើនបានឈានដល់ការប្រើប្រាស់ក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ព្រោះតែការកើនឡើងនៃតម្រូវការម៉ាស៊ីនត្រជាក់។ ហើយរដ្ឋាភិបាលក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១២ ខែមិថុនា កន្លងទៅដែរថា អត្រាកំណើននៃការប្រើប្រាស់ថាមពលនៅក្នុងទីក្រុង Maoming ក្នុងខេត្ត Guangdong ភាគខាងត្បូងមានកម្រិតខ្ពស់រហូតដល់ ៨.០១ ភាគរយក្នុងអំឡុងខែមករា ដល់ខែឧសភា។
ជាមួយគ្នានេះដែរ Jiangmen ដែលជាទីក្រុងឧស្សាហកម្មមួយផ្សេងទៀតនៅក្នុងខេត្ត Guangdong ក៏កំពុងតែស្នើឱ្យកាត់បន្ថយការប្រើប្រាស់ថាមពលមិនចាំបាច់ស្របពេលមានតម្រូវការប្រើប្រាស់ខ្ពស់។ លើសពីនោះ ខេត្ត Hainan ក្រុមមន្ត្រីក៏បាននិយាយដែរថា ការប្រើប្រាស់អគ្គិសនីពីខែមករាដល់ខែមេសាបានកើនឡើងដល់ ១១.៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ដែរថា ប្រទេសចិន ក៏បានរងការវាយប្រហារដោយរលកកម្ដៅ និង គ្រោះរាំងស្ងួតដែរ ដោយប្រទេសនេះបានបំបែកកំណត់ត្រាកាលពីឆ្នាំ ២០២២ កន្លងទៅជាមួយនឹងការខ្វះខាតថាមពលទ្រង់ទ្រាយធំ។ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានរាយការណ៍ដែរថា អាជ្ញាធរឧតុនិយមចិន បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះតំបន់ភាគខាងជើងរបស់ប្រទេសចិន នឹងត្រូវបានគេរំពឹងថាមានអាកាសធាតុក្តៅខ្លាំង៕
ប្រភព ៖ Reuters