នៅចិនផ្ទុះមុខម្ហូបថ្មីឆាក្តៅដុំថ្ម នាំគ្នាផ្អើលធ្វើលាន់ ព្រោះអស់លុយតិចហើយល្អដល់សុខភាព
ពិតជាថ្មីមិនចេះចប់នោះទេនៅប្រទេសចិន ដែលកំពុងតែល្បីមីនុយម្ហូបចម្លែកមួយមុខទៀតហើយ ជាឆាក្តៅដុំថ្មស្រស់ៗសែនមានជាតិ ញ៉ាំហើយមិនឡើងទម្ងន់ ថែមល្អដល់សុខភាពទៀត។
មុខម្ហូបមួយមុខនេះ កំពុងតែពេញនិយមនៅក្នុងផ្សាររាត្រីមួយកន្លែង នាខេត្តហ៊ូណាន ប្រទេសចិន ដែលផ្សំឡើងដោយគ្រឿងជាច្រើនមុខយ៉ាងទំនង ព្រមទាំងមានតម្លៃប្រហែលជា ២ ដុល្លារប៉ុណ្ណោះ។ អ្នកបានឱ្យដឹងថា ការញ៉ាំគឺគ្រាន់តែដាក់ដុំថ្មចូលក្នុងមាត់ រួចជញ្ចក់យកតែរសជាតិប៉ុណ្ណោះ កាលណាបើអស់ជាតិហើយក៏ត្រូវខ្ជាក់ចេញ ហើយបើសិនជាភ្ញៀវចង់យកទៅផ្សំគ្រឿងថ្មី បង្កើតរសជាតិថ្មីដោយខ្លួនឯងនៅផ្ទះទៀតក៏បានដែរ។
តាមពិតទៅមុខម្ហូបមួយនេះ មានតាំងពីយូរណាស់មកហើយ ដែលគេហៅ «suo diu» មានន័យថា ជញ្ជក់ហើយបោះចោល ដោយអ្នកធ្លាប់ភ្លក់បានឱ្យដឹងថា វាមានរសជាតិដូចជាត្រីដូច្នោះ។ ក្នុងនោះមកទល់ពេលនេះ ចាស់ៗនៅតាមតំបន់ផ្សេងក្នុងប្រទេសចិន ក៏នៅតែធ្វើម្ហូបមួយមុខនេះ សម្រាប់ក្លែមស្រាផងដែរ។ ដោយឡែក មហាជននៅតាមបណ្តាញសង្គម ឃើញហើយអ្នកខ្លះក៏ហួសចិត្ត អ្នកខ្លះក៏ចង់ភ្លក់ ព្រោះតែមើលទៅចំណេញ អាចយកផ្សំគ្រឿងទៀតបាន ហើយអាចជួយដល់សុខភាពមួយចំណែកដូចគ្នា ព្រោះគ្មានជាតិសាច់នោះឯង៕