ប្លែកបំផុត! នៅប្រេស៊ីល យកសត្វពស់ និង ក្រពើ មកព្យាបាលអ្នកជំងឺអូទីហ្សឹម
កាលពីថ្មីៗកន្លងទៅនេះ សារព័ត៌មាន South China Morning Post បានចុះផ្សាយថា ក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ ជនជាតិប្រេស៊ីល និង ជាអ្នកជំងឺអូទីហ្សឹម បានយកសត្វពស់មួយក្បាលមានពណ៌លឿង និង ពណ៌ត្នោតរុំ ជុំវិញករបស់ខ្លួនដូចក្រមា។
ក្មេងប្រុសរូបនោះមានឈ្មោះថា David De Oliveira Gomes បានលើកឡើងថា រូបគេមិនបានខ្លាចសត្វនោះទេ ប៉ុន្តែគេចាត់ទុកវាថាជាការព្យាបាលជំងឺអូទីហ្សឹមដ៏ល្អ ដោយលោកបានរៀបរាប់ថា ៖ «ពស់ នោះមានឈ្មោះថា Gold ហើយវាត្រជាក់ និង ស៊ីសត្វកណ្ដុរជាអាហារ»។
ជាមួយគ្នានេះដែរ Andrea Ribeiro ដែលមានឯកទេសក្នុងការព្យាបាលជនពិការ អូទីហ្សឹម ឬជំងឺថប់បារម្ភ ដោយប្រើវិធីសាស្រ្តមិនធម្មតាមួយនេះបានលើកឡើងថា ៖ «ការព្យាបាលជំងឺដោយសត្វល្មូន បានជួយឱ្យអ្នកជំងឺស្ងប់អារម្មណ៍ និង ជួយសម្រួលផ្នែកទំនាក់ទំនងឱ្យបានកាន់តែល្អជាងមុន ព្រមទាំងបានជួយដល់សមត្ថភាពផ្សេងៗរបស់អ្នកជំងឺបានទៀតផង»។
លើសពីនេះទៅទៀត អ្នកព្យាបាលអាយុ ៥១ ឆ្នាំរូបនេះរៀបរាប់ត្រួសៗទៀតថា ៖ «ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ មជ្ឈមណ្ឌលព្យាបាល ដែលមានកន្លែងបើកទូលាយ បានឱ្យអ្នកជំងឺមានទំនាក់ទំនងជាមួយសត្វបង្គួយ អណ្តើក និង សត្វក្រពើ (ក្រពើ ដែលមានដើមកំណើតនៅអាមេរិកឡាទីន)។ ហើយបើទោះបីជាការព្យាបាលមិនត្រូវបានបញ្ជាក់ដោយវិទ្យាសាស្រ្តក៏ដោយ ក៏មជ្ឈមណ្ឌលនេះនៅតែបន្តបានដែរ»។
Ribeiro បានបន្ថែមថា ៖ «វាបានបង្ហាញឱ្យឃើញតាមរយៈវេជ្ជសាស្រ្ដថា នៅពេលដែលមនុស្សទាក់ទងជាមួយសត្វ វាមានទំនាក់ទំនងជាមួយនឹងសរសៃប្រសាទដូចជា serotonin និង beta-endorphins ដែលអាចផ្តល់នូវអារម្មណ៍រីករាយ និង សុខុមាលភាពដល់អ្នកជំងឺបាន។ នេះជាហេតុធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ល្អ ហើយសត្វល្មូនទាំងនោះបានធ្វើឱ្យមជ្ឈមណ្ឌលសម្រេចបានលទ្ធផលប្រសើរជាងមុន និង លឿនជាងមុន»។ បន្ថែមពីនេះ Ribeiro បានឱ្យដឹងទៀតថា នាងក៏ធ្លាប់ប្រើសត្វឆ្កែនៅក្នុងវគ្គព្យាបាលរបស់នាងដែរ ប៉ុន្តែនាងបានរកឃើញថា អ្នកជំងឺមួយចំនួនមានការមិនសប្បាយចិត្ត ជាពិសេសអ្នក ដែលមានជំងឺអូទីហ្សឹម។ ដូច្នេះទើបនាងសម្រេចងាកទៅរកសត្វល្មូនវិញ។
គួរដឹងដែរថា ប្រភេទសត្វ ដែលបានដាក់ឱ្យព្យាបាលទាំងនោះត្រូវបានគ្រប់គ្រង ដោយអាជ្ញាធរបរិស្ថានរបស់ប្រេស៊ីល (IBAMA) ហើយ Ribeiro ធ្វើការនៅក្បែរអ្នកជីវវិទូ Beatriz Araujo ដើម្បីតាមដានកម្រិតស្ត្រេសរបស់សត្វ និង ធានាថាអ្នកជំងឺនឹងនៅតែមានសុវត្ថិភាព។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនេះបានឱ្យដឹងទៀតថា ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ការព្យាបាលវិធីនេះមិនទាន់កើតមានគ្រោះថ្នាក់ណាមួយឡើយ៕
ប្រភព ៖ South China Morning Post