សិស្សវិទ្យាល័យបាកាន ២ នាក់ កំពុងទទួលបានការចាប់អារម្មណ៍ និង ការសរសើរ ក្រោយរាំរបាំ «នារីជាជួរ»
នាពេលថ្មីៗនេះ មហាជនអ្នកនិយមកលេងបណ្ដាញសង្គមហ្វេសប៊ុកហាក់មានការចាប់អារម្មណ៍ជាខ្លាំងចំពោះវីដេអូបង្ហោះមួយ ដែលបានបង្ហាញឱ្យឃើញពីសកម្មភាពសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យបាកាន ហាត់រៀនរាំរបាំប្រពៃណីខ្មែរ។
យោងតាមការបង្ហោះរបស់វិទ្យាល័យ បាកាន ក្នុងខេត្តពោធិ៍សាត់ បានឱ្យដឹងថា សិស្សស្រីទាំងពីរនាក់ដែលកំពុងទទួលបានការចាប់អារម្មណ៍ និង ការកោតសរសើរ ពីសំណាក់មហាជនអ្នកនិយមលេងបណ្ដាញផ្សព្វផ្សាយសង្គម ទាំងហ្វេសប៊ុក និង TikTok គឺជាសិស្សកំពុងអនុវត្តការហាត់របាំប្រពៃណីខ្មែរ ក្នុងមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី ១២ បង្រៀនដោយអ្នកគ្រូ ហួត ស៊ឺឌី។
គួរដឹងដែរថា សកម្មភាពហាត់របាំរបស់សិស្សស្រីទាំង ២ រូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ដោយសរសើរមិនដាច់ពីមាត់ថា អ្នកទាំងពីរពិតជារាំបានស្អាត និង ទន់ល្អន់សមជានារីខ្មែរពិតមែន។ មិនតែប៉ុណ្ណោះ អ្នកខ្លះទៀតក៏បានលើកឡើងពីវីដេអូនេះថា ៖ «ជាគំរូដ៏ល្អមួយសម្រាប់សាលាផ្សេងៗទៀត ដែលគួរយកគំរូតាម»។ ជាមួយគ្នានេះដែរ ហ្វេសប៊ុកផ្ទាល់របស់អ្នកគ្រូ ហួត ស៊ឺឌី ដែលជាអ្នកបង្ហាត់បង្រៀនបានបញ្ជាក់ទៀតថា ៖ «សិស្សទាំង ២ នាក់នេះមិនបានត្រៀមទេ តែពេលបង្រៀនដល់ការបង្ហាញគាត់ពេញចិត្តឡើងរាំភ្លាមៗតែម្ដង»៕