ការសិក្សាថ្មីរកឃើញថា ប្រុសៗចាយពេល ៧ ម៉ោងក្នុងមួយឆ្នាំ សំងំក្នុងបន្ទប់ទឹកដើម្បីរកភាពស្ងប់ស្ងាត់ឱ្យខ្លួនឯង
តាមការចេញផ្សាយរបស់សារព័ត៌មាន Mirror UK បានឱ្យដឹងថា ការសិក្សាថ្មីបង្ហាញថា មួយភាគបីនៃមនុស្សប្រុសនៅអង់គ្លេស ទម្លាយថា ពួកគេបានពួនសំងំក្នុងបន្ទប់ទឹកខ្លួន ដើម្បីទទួលបានភាពស្ងប់ស្ងាត់ រួចផុតពីបញ្ហាទាំងឡាយ។
តាមការសិក្សាថ្មីនោះ បានធ្វើការសាកសួរមនុស្សប្រុស ១០០០ នាក់ ហើយក៏រកឃើញថា ក្នុងរយៈពេល ១ ឆ្នាំ ប្រុសៗទាំងនោះ បានចំណាយពេលសរុប ៧ ម៉ោងក្នុងបន្ទប់ទឹក ដើម្បីគេចវេសពីបញ្ហាជុំវិញខ្លួន។ ក្នុងនោះ បញ្ហាមួយដែលប្រុសៗចូលចិត្តសំងំក្នុងបន្ទប់ទឹក ក៏ព្រោះតែចង់គេចពីការរអ៊ូរទាំរបស់ប្រពន្ធ ឬ គេចពីការមើលកូនៗជាដើម។ មួយវិញទៀត ការចូលបន្ទប់ទឹកនេះក៏ជាលេសសម្រាប់ពួកគេគេចពីការធ្វើកិច្ចការងារផ្ទះផងដែរ។
តាមការស្រាវជ្រាវ ៤៥ ភាគរយនៃមនុស្សប្រុសទម្លាយថា ការមានពេលវេលាជាខ្លួនឯង គឺពិតជាពិបាកណាស់ ដោយខ្លះអះអាងថា ដៃគូរបស់ពួកគេ គឺមិនខ្វល់ខ្វាយពីពេលវេលាដែលពួកគេពលីនៅកន្លែងការងារនោះឡើយ។ ដោយឡែក ២៥ ភាគរយទៀត បានលើកឡើងថា បើសិនពួកគេអត់មានពេលក្នុងបន្ទប់ទឹក ពួកគេនឹងមិនដឹងថាដោះស្រាយជាមួយបញ្ហាស្ត្រេសខ្លួនឯងរបៀបមិចឡើយ៕