ក្ដៅៗ! ទូតម៉ាឡេស៊ីចេញសេចក្ដីថ្លែងការ ជុំវិញរឿង Uncle Roger ជនជាតិម៉ាឡេស៊ី ដែលនិយាយមើលងាយម្ហូបខ្មែរ
នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ នេះ ស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា បានចេញសេចក្ដីថ្លែងការមួយ ដោយបានបដិសេធចំពោះការប្រមាថមើលងាយលើម្ហូបអាហារខ្មែរ ដែលធ្វើឡើងដោយ YouTuber ជនជាតិម៉ាឡេស៊ី ឈ្មោះ NIGEL NG ឬគេស្គាល់ថាជា Uncle Roger។
តាមរយៈសេចក្ដីថ្លែងការ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបញ្ជាក់ឱ្យដឹងថា ខាងស្ថានទូតមិនលើកលែងចំពោះពាក្យសម្ដី ឬ សកម្មភាពណាដែលបង្កគ្រោះថ្នាក់ និង ក្ដៅក្រហាយដល់អ្នកដទៃឡើយ ដោយអះអាងថា នោះមិនមែនជាទស្សនៈរបស់ខ្លួន។ ស្ថានទូតម៉ាឡេស៊ី បានឱ្យដឹងទៀតថា ការលើកឡើងរបស់លោក Nigel Ng គឺជាការរារាំង និង ធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត និង មិត្តភាពរបស់ប្រទេសកម្ពុជា និង ប្រទេសម៉ាឡេស៊ី ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។
គួរឱ្យដឹងផងដែរថា កាលពីពីកន្លងទៅថ្មីៗនេះ ក្រសួងទេសចរណ៍ ក៏បានចេញសេចក្ដីថ្លែងការឱ្យដឹងផងដែរថា ក្រសួងទេសចរណ៍មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ដែលចុះផ្សាយកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo» ដែលការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព និង អត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖