សុនខ Cheems ដែលគេយកធ្វើ meme ល្បីពេញអ៊ីនធឺណេត ពេលនេះបានងាប់ហើយ ដោយសារជំងឺមហារីក
សារព័ត៌មាន India Times នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយថា សត្វឆ្កែ meme ឈ្មោះ Cheems aka Balltze ដែលជាឆ្កែយកទៅលេង meme ដ៏ល្បីក្នុងអ៊ីនធឺណេត បានងាប់ហើយ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ក្រោយពីវាបានព្យាយាមយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
យោងតាមសារបង្ហោះលើ Instagram របស់ម្ចាស់ឆ្កែ Cheems Balltze បានសរសេរបញ្ជាក់ថា ៖ «Cheems បានងាប់នៅអាយុ ១២ ឆ្នាំ នាព្រឹកថ្ងៃទៅ ១៨ ខែសីហា ឆ្នាំ ២០២៣ អំឡុងពេលដែលវាធ្វើការវះកាត់លើកចុងក្រោយ (Thoracentesis surgery)»។
ជាមួយគ្នានេះដែរ ម្ចាស់ឆ្កែនេះបានឱ្យដឹងដែរថា ឆ្កែដ៏ល្បីមួយក្បាលនេះគ្រោងនឹងទទួលបានការព្យាបាលដោយប្រើគីមី និង ការព្យាបាលផ្សេងៗ ក្រោយពីបានវះកាត់ជោគជ័យ ប៉ុន្តែវាយឺតពេលទៅហើយ ព្រោះ Cheems បានងាប់អំឡុងពេលវះកាត់។
យ៉ាងណាមិញ ចាប់តាំងម្ចាស់ឆ្កែបានបង្ហោះសារពីដំណឹងការស្លាប់របស់ឆ្កែ meme នោះមក មហាជនអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិចូលរួមរំលែកទុក្ខ ចំពោះការងាប់សត្វឆ្កែពូជ Shiba Inu នេះ ដោយខ្លះបានលើកឡើងថា ៖ «RIP សម្លាញ់ អ្នកបានធ្វើឱ្យមនុស្សជាច្រើនមានក្ដីសុខ និង ភាពរីករាយ។ កេរ្តិ៍ឈ្មោះរបស់អ្នកនឹងបន្តស្ថិតស្ថេរជារៀងរហូត អរគុណសម្រាប់គ្រប់យ៉ាង Ball Ball» ហើយអ្នកបញ្ចេញមតិម្នាក់ទៀតបានសរសេរថា ៖ «ដេកឱ្យបានសុខណា, Cheems អរគុណសម្លាញ់ ដែលនាំឱ្យសើច»។
គួរដឹងដែរថា Cheems dog memes គឺជាប្រភេទ meme ពេញនិយមបំផុត ត្រូវបានគេចែកចាយពេញប្រព័ន្ធផ្សព្វផ្សាយសង្គមជាលក្ខណៈរូបភាពធម្មតា និង រូបភាពមានចលនា ហើយវាចាប់ផ្ដើមផ្ទុះការចាប់អារម្មណ៍ និង ល្បីតាំងតែពីឆ្នាំ ២០១០ មកម្ល៉េះ៕
ប្រភព ៖ India Times