ជិះកាត់កុំផ្អើល! រូបសំណាកកម្មករធ្វើផ្លូវទេះភ្លើង សល់ពីសម័យសង្គមរាស្ត្រនិយម ម្តុំមុខរ៉ាដំណាក់ចង្អើរខេត្តកែប
ស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ថ្វីដ្បិតតែមានភូមិសាស្ត្រតូចពិតមែន តែខេត្តកែបគឺជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ខ្លាំងក្លាមិនចាញ់ខេត្តដទៃនោះឡើយ ដោយមានទាំងតំបន់ទេសចរណ៍មាត់ឆ្នេរ តំបន់ទេសចរណ៍ធម្មជាតិ ផ្សារក្ដាមដ៏ធំ និង កន្លែងកម្សាន្តជាច្រើន ទាក់ចិត្តភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្តមិនចេះជិនណាយ។
ថ្មីៗនេះផងដែរ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ក្រោយពីបានជ្រាបថានៅមុខរ៉ារទេះភ្លើងដំណាក់ចង្អើរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប មានរូបកម្មករធ្វើផ្លូវរទេះភ្លើងមួយ មានសភាពចាស់បាក់បែក ជាស្នាដៃសំណង់បុរាណគួរឱ្យចាប់អារម្មណ៍ ដែលបន្សល់មកដល់ពេលបច្ចុប្បន្ន និង កម្រមានអ្នកដឹង។
ចំពោះរូបសំណាក កម្មករធ្វើផ្លូវរទេះភ្លើងនេះផងដែរ បើតាមការឱ្យដឹងពីប្រិយមិត្តប្រើប្រាស់បណ្ដាញសង្គមបានឱ្យដឹងថា វាត្រូវបានកសាងជាតំណាងនៃការអរគុណដល់កម្មករ នៅពេលដែលផ្លូវដែកនេះកសាងចប់នាសម័យសង្គមរាស្ត្រនិយម ដែលពេលនេះតម្រូវឱ្យមានការយកចិត្តទុកដាក់ និង ថែរក្សាឡើងវិញផងដែរ៕