ដើររើសអេតចាយប៉ះចំកៅអីបុរាណសម័យរាជវង្ស Ming លក់បានជាង ៣ លានដុល្លារ ផ្លាស់ប្ដូរជីវភាពមួយប៉ប្រិចភ្នែក
កាលពីពេលថ្មីៗកន្លងទៅនេះ បុរសរើសអេតចាយម្នាក់បានប្រែវាសនារបស់ខ្លួន និង ក្រុមគ្រួសារពីអ្នករើសអេតចាយក្រីក្រមកជាអ្នកមាន ក្រោយពីបានរើសចំកៅអីបុរាណរាជវង្ស Ming មកទុកនៅផ្ទះរាប់ឆ្នាំ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីទសវត្សរ៍ឆ្នាំ ១៩៨០ ប្រទេសចិន និយមទិញវត្ថុបុរាណមានតម្លៃជាប្រវត្តិសាស្ត្រជាច្រើនពីផ្សារលក់ដូរវត្ថុបុរាណ។ បុរសម្នាក់ឈ្មោះ Zhang ជាអ្នករស់នៅសង្កាត់ Chaoyang ក្រុងប៉េកាំង ជាកម្មកររោងចក្រក្នុងរោងចក្រវាយនភណ្ឌ និង ជាអ្នករើសអេតចាយផង។ លោកឧស្សាហ៍ទៅលេងផ្សារបុរាណកំឡុងពេលទំនេរ ប៉ុន្តែទោះបីជាចូលចិត្តយ៉ាងណាក៏ដោយ ក៏លោកកម្រចំណាយប្រាក់លើវត្ថុបុរាណណាស់ ព្រោះតែកត្តាសេដ្ឋកិច្ច និង លោកជឿថាទីផ្សារវត្ថុបុរាណមានគ្រោះថ្នាក់ខ្លាំងពេក។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា លោកឧស្សាហ៍ជិះកង់ទៅផ្សារពេលយប់ ដើម្បីរើសអេតចាយនៅតំបន់ជុំវិញនោះ ដើម្បីរើសរបស់របរដែលគេបោះចោល ឬរបស់របរដែលគេមិនប្រើ ប៉ុន្តែថ្ងៃមួយ លោកក៏បានឃើញកៅអីឈើមួយគូ ដែលគេបោះចោលមុខផ្ទះ ហើយក៏យកវាទៅដាក់ផ្ទះខ្លួន ព្រោះលោកឃើញថាវានៅរឹងមាំ និង ធ្ងន់ អាចបញ្ជាក់ថាវាធ្វើពីឈើមាំល្អ។ ពេលត្រឡប់មកផ្ទះវិញ កូនៗរបស់លោកបានរអ៊ូថា លោកចេះតែយកសំរាមអ្នកដទៃចូលមកក្នុងផ្ទះ ប៉ុន្តែលោក Zhang មិនបានខ្វល់នោះទេ ថែមទាំងបានជួសជុលផ្នែកខ្លះនៃកៅអីនោះ ដោយស្ងៀមស្ងាត់ រួចដាក់វានៅជ្រុងមួយក្នុងផ្ទះ ដើម្បីអង្គុយលេងពេលទំនេរ ឬពេលធុញទ្រាន់នឹងការរើសអេតចាយ ហើយរហូតដល់ឆ្នាំ ២០១១ ចៅប្រុសរបស់ Zhang ក៏បានធំឡើង និង មានបំណងចង់ទិញផ្ទះមួយនៅក្នុងទីក្រុងប៉េកាំង សម្រាប់ពេលគេរៀបការមានគ្រួសារហើយ តែតម្លៃអចលនទ្រព្យពេលនោះគឺហួសពីសមត្ថភាពគ្រួសារ។
យ៉ាងណាមិញ ថ្ងៃមួយពេលកំពុងនិយាយជាមួយមិត្តចាស់របស់លោក លោក Zhang ក៏បានរៀបរាប់អំពីកៅអីចាស់ៗពីរដែលលោកបានយកមកទុកក្នុងផ្ទះ ស្រាប់តែមានមិត្តម្នាក់សើច និង បានប្រាប់លោក Zhang ថា ៖ «វាអាចជាវត្ថុបុរាណ ហេតុអ្វីឯងមិនថតរូបវា ហើយផ្ញើវាទៅអ្នកជំនាញ?» ភ្លាមៗនោះលោក Zhang ក៏គិតអំពីសម្ដីនោះរួចក៏បានប្រញាប់ទៅផ្ទះថតរូបកៅអី ផ្ញើទៅក្រុមហ៊ុនដេញថ្លៃអន្តរជាតិនៅទីក្រុងប៉េកាំង ឈ្មោះ Jiayu ហើយក្រោយពីបានវាយតម្លៃកៅអីនោះរួចហើយ អ្នកជំនាញបានបញ្ជាក់ថា «កៅអីនោះមានអាយុ ៤០០ ឆ្នាំមកហើយ តាំងពីសម័យរាជវង្ស Ming មកម្ល៉េះ ដែលវាត្រូវបានប្រើប្រាស់នៅក្នុងព្រះបរមរាជវាំង ឬក៏ជាកម្មសិទ្ធិរបស់ពួកអភិជនមួយចំនួនក្នុងសម័យនោះ ដោយគេស្គាល់យ៉ាងច្បាស់ថា ជាកៅអីធ្វើពីឈើប្រណិត huanghuali និង ឈើ zitan»។
ទន្ទឹមនឹងនេះដែរ កៅអីនេះក៏ត្រូវបានអ្នកជំនាញយកទៅដាក់ដេញថ្លៃនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១១ ដែលត្រូវបានលក់ក្នុងតម្លៃ ២៣ លានយ័ន (ប្រមាណជាជាង ៣ លានដុល្លារ) ហើយក្នុងពេលនោះដែរលោក Zhang បានបង្ហាញអារម្មណ៍ឱ្យដឹងថា នេះគឺចំនួនទឹកប្រាក់មួយដែលនឹកស្មានមិនដល់ និង ជាចំនួន ដែលលោកមិនធ្លាប់មាន។ លោកក៏បាន អរគុណទម្លាប់ក្នុងការប្រមូលរបស់របរចោល ដែលជួយលោកឱ្យមានលុយច្រើន អាចឱ្យចៅលោករៀបការ និង ទិញផ្ទះបានដោយស្រួល៕
ប្រភព ៖ Thaiger