បែកគ្នាជាង ៣០ ឆ្នាំ សិស្សក្លាយជាឯកឧត្តម គ្រូមានតែសប្បាយចិត្ត ឱបគ្នាប្រកបដោយការគោរព
នាពេលថ្មីៗនេះ មហាជនហាក់បង្ហាញការរំជួលចិត្ត និង ការកោតសរសើរជាខ្លាំង ចំពោះព័ត៌មានជាច្រើន ដែលត្រូវបានគេចែករំលែកបន្តពីសកម្មភាពសិស្ស និង គ្រូបានជួបគ្នា ក្រោយបែកគ្នាអស់ជាង ៣០ ឆ្នាំ ប៉ុន្តែសិស្សមិនដែលភ្លេចគុណគ្រូ។
យោងតាមគណនីឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឱ្យដឹងថា កាលពីពេលថ្មីៗនេះឯកឧត្តម បានជួបជាមួយនឹងអតីតគ្រូមុខវិជ្ជាភូមិវិទ្យា ដែលបានបង្រៀនឯកឧត្តមកាលពីលោកនៅជាយុវវ័យ ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍នោះគឺ បើទោះជាបែកគ្នាយូរយ៉ាងណា ក៏គេសង្កេតឃើញថាឯកឧត្តម ញ៉ែម សំអឿន នៅតែបង្ហាញក្ដីគោរព និង ការដឹងគុណចំពោះលោកគ្រូដដែល។
យ៉ាងណាមិញ រូបភាពជាច្រើនសន្លឹករបស់ឯកឧត្តម ញ៉ែម សំអឿន ដែលបានក្លាយជាចំណាប់អារម្មណ៍របស់មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកនោះគឺ ឯកឧត្តមបានចុះពីឡានទៅឱបលោកគ្រូ ម៉ម ប៊ុណ្ណា ដែលជាអតីតគ្រូបង្រៀនមុខវិជ្ជាភូមិវិទ្យា កាលពីជំនាន់ឯកឧត្តមរៀនបាក់ឌុប ប៉ុន្តែបានបែកគ្នាកាលពីឆ្នាំ ១៩៨៦ ដោយពេលនោះលោកគ្រូ ម៉ម ប៊ុណ្ណា កំពុងធ្វើការជាសន្តិសុខនៅសាលាមេតេយ្យអន្តរជាតិមួយ និង នៅតែចងចាំមុខរបស់ឯកឧត្តម ញ៉ែម សំអឿន ថែមទៀតផង។
មិនតែប៉ុណ្ណោះ ឯកឧត្តមបានបញ្ជាក់ទៀតថា លោកគ្រូ ម៉ម ប៊ុណ្ណា គឺជាគ្រូដ៏ល្អម្នាក់ ដែលតែងតែមានស្នាមញញឹមជានិច្ច ចំពោះសិស្ស ហើយដោយសារតែជីវភាពខ្វះខាត ទើបលោកត្រូវធ្វើជាសន្តិសុខ ដើម្បីផ្គត់ផ្គង់គ្រួសារ។ លើសពីនេះទៅទៀត ឯកឧត្តម បានបញ្ជាក់ទៀតថា នៅពេលដែលកូនៗរបស់ឯកឧត្តមចេញ ឬចូលសាលា ដើម្បីយកប្អូនៗ ឯកឧត្តមបានឱ្យកូនៗរបស់ឯកឧត្តមគោរពរាប់អានលោកគ្រូ ដូចជាសាស្រ្តាចារ្យរបស់ពួកគេដែរ៕