កាសបុរាណសតវត្សរ៍ទី ១៩ ជាង ១០០ កាស ត្រូវបានប្រទះឃើញនៅជើងសសរវត្តមួយ ក្នុងខេត្តសៀមរាប
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបង្ហោះសារជាព័ត៌មានមួយឱ្យដឹងថា ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស (ស្លឹង) បុរាណសរុបទាំងអស់ប្រមាណជា ១១៦ កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬ ហៅវត្តអរញ្ញរង្សី ស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កាសបុរាណ ដែលគេប្រទះឃើញទាំងនោះមាន ៣ ប្រភេទ ដោយកាសនីមួយៗមានទំហំពី ១៣ – ១៥ មីលីម៉ែត្រមានរូបសត្វ «ហង្ស» មួយបែបទៀតក៏មានរូប «ហង្ស» ដែរ តែលាយដោយអក្សរចិនអានថា «ជី» មានន័យថា «សំណាងល្អ» និង កាសម្យ៉ាងទៀតមានអក្សរថា «ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។
ជាមួយគ្នានេះដែរ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និង រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ដែរថា ៖ «កាស ដែលមានរូប «ហង្ស» គឺបានបោះពុម្ព ឱ្យប្រើប្រាស់នៅស្រុកខ្មែរ ចាប់ពីអំឡុងសតវត្សរ៍ទី ១៦ – ១៩ នៃគ្រិស្ដសករាជ។ ឯកាសមួយបែបទៀតមានរូប «ហង្ស» ដែរ និង មានអក្សរចិន អានថា «ជី» នោះ ភាគច្រើនបានបោះពុម្ព និង ដាក់ឱ្យចរាចរនៅខេត្តបាត់ដំបង ក្នុងអំឡុងសតវត្សរ៍ទី ១៩ ។ ចំណែកកាសមួយប្រភេទទៀត មានអក្សរថា «ព្រះតំបង» ហើយផ្ទៃម្ខាងទៀតមានរូបគ្រុឌ គឺបោះពុម្ព និង ចរាចរនៅខេត្តបាត់ដំបង អំឡុងនាសតវត្សរ៍ទី ១៩»។
គួរឱ្យដឹងដែរថា ព្រះវិហារវត្តល្អក់ នេះដែរគឺមានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និង សិល្បៈ ដោយសារតែវត្តនេះមានអាយុកាលយូរលង់មកហើយ និង ត្រូវបានសាងសង់ឡើង ដោយគ្រឿងបង្គុំធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងជុំវិញធ្វើពីឥដ្ឋបូកកំបោរបាយអរ ហើយសំណង់នេះមានសសរ ៤ ជួរ ដោយមាន ២ ជួរ នៅកណ្តាលជាសសរកន្លោង និង ២ ជួរទៀតជាសសរជើងរាង ប៉ុន្តែបច្ចុប្បន្នសសរឈើរបស់ព្រះវិហារ ដែលកប់ក្នុងដីជាច្រើនឆ្នាំមកហើយហាក់កំពុងមានភាពពុកផុយខូចខាតខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ការស្នាក់នៅរបស់ព្រះសង្ឃ ទើបទាមទារឱ្យក្រុមអ្នកជំនាញធ្វើការជួសជុលជាចាំបាច់៕
រូបភាពដោយ ៖ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍