ក្រុមហ៊ុន Google ត្រូវគេប្ដឹង ក្រោយបុរសម្នាក់ជិះតាម Google Maps ប៉ះចំស្ពានបាក់ ធ្លាក់រហូតអស់ជីវិត
ក្រុមគ្រួសារនៃបុរសម្នាក់ ដែលបានស្លាប់ ក្រោយបើកឡានធ្លាក់ស្ពានដែលបាក់ ខណៈជិះតាមទិសដៅបង្ហាញពី Google Maps បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Google ពីបទធ្វេសប្រហែស។
ក្រុមគ្រួសារខាងលើបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានប្រកាសពីស្ពានដែលបាក់នោះដែរ ប៉ុន្តែមិនបាន update ប្រព័ន្ធចាប់ទិសដៅរបស់ខ្លួនឡើយ។ បើតាមឯកសារពាក្យបណ្ដឹង កាលពីថ្ងៃទី ២៤ ខែតុលា កន្លងទៅ នៅតុលាការកំពូល Wake County បានបញ្ជាក់ថា បុរសរងគ្រោះមានឈ្មោះថា Philip Paxson បានស្លាប់កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ក្រោយឡានរបស់លោកធ្លាក់ក្នុងកម្ពស់ ៦ ម៉ែត្រពីស្ពានដែលបាក់នៅ North Carolina។
តាមឱ្យដឹង លោក Paxson បានបើកឡានទៅផ្ទះ ក្រោយចូលរួមពិធីខួបកំណើតរបស់កូនស្រី ដែលធ្វើឡើងនៅតំបន់ដែលលោកមិនធ្លាប់បានស្គាល់ពីមុន។ តាមពាក្យបណ្ដឹងបានរៀបរាប់ទៀតថា Google Maps បានបង្ហាញផ្លូវ ឱ្យលោកឆ្លងកាត់ស្ពាននោះ ដែលវាបានបាក់តាំងពី ៩ ឆ្នាំមុន ហើយមិនមាននរណាមកជួសជុលនោះឡើយ។
ក្រោយទទួលពាក្យបណ្ដឹង អ្នកតំណាងក្រុមហ៊ុន Google បានថ្លែងប្រាប់សារព័ត៌មាន AP ថា ខាងក្រុមហ៊ុនបានសម្ដែងការសោកស្ដាយ និង រំលែកទុក្ខចំពោះក្រុមគ្រួសារលោក Paxson ហើយពួកគេក៏កំពុងពិនិត្យមើលលើពាក្យបណ្ដឹងនោះផងដែរ៕