យំលែងចេញ! ចេញពីស្រុកភូមិបាត់ច្រើនឆ្នាំ ពេលមកវិញស្រាប់តែការកូន ខំហៅភ្ញៀវដល់ ១០០ តុ តែដល់ថ្ងៃគ្មានភ្ញៀវមកសូម្បីម្នាក់
ពិតជារឿងរ៉ាវមួយដែលគួរឱ្យចងចាំមិនភ្លេចសម្រាប់កូនកំលោះកូនក្រមុំជនជាតិចិនមួយគូ ដែលក្នុងថ្ងៃពិធីការមួយទាំងមូលបែរជាគ្មានភ្ញៀវមកសូម្បីម្នាក់ ពោលគឺតុរៀបចំ ១០០ តុ នៅសល់ទាំងអស់ ស្ងាត់ឱ្យជា្រប។
តាមព័ត៌មានបានឱ្យដឹងថា ពិធីមង្គលការនេះបានធ្វើឡើងនៅស្រុកកំណើតរបស់ខាងប្រុស នៅភូមិមួយនាទីក្រុង guizhou ប្រទេសចិន ដោយបានគេរៀបចំតុចំនួន ១០០ តុ ដើម្បីទទួលភ្ញៀវ ហើយចំនួននេះគឺអាចនិយាយបានថាអធិកអធមណាស់ សម្រាប់ស្រុកភូមិជនបទបែបនេះ។
ដោយឡែក នៅក្នុងថ្ងៃរៀបការអ្វីដែលមិននឹកគិតនោះ គឺគ្មានឃើញស្រមោលភ្ញៀវមកចូលរួមសូម្បីម្នាក់ ក្នុងនោះពិធីទាំងមូលស្ងាត់សូន្យឈឹង មានតែសាច់ញាតិខាងប្រុសខាងស្រីប៉ុន្មាននាក់ ឯតុទាំងឡាយដែលបានរៀបចំដាក់អាហាររួចរាល់ ក៏គ្មានអ្នកមកទទួលទានដែរ។
ចំណែកម្តាយខាងប្រុស កាលបើឃើញបែបនេះហើយក៏បានប្រញាប់ខលទៅអ្នកភូមិដែលខ្លួនស្គាល់សុំអញ្ជើញគេមកចូលរួមពិធី តែក៏នៅតែគ្មានអ្នកមក ម្នាក់ៗយកលេសថាជាប់ទៅចូលរួមពិធីផ្សេងៗសឹងគ្រប់គ្នា ធ្វើឱ្យអាហារដែលរៀបចំហើយត្រូវចោលទាំងអស់។
យ៉ាងណាមិញ អ្វីក៏ដោយតែងតែមានមូលហេតុ តាមព័ត៌មានបានឱ្យដឹងថា ឪពុកម្តាយខាងប្រុសបានចេញទៅធ្វើការនៅក្រៅភូមិស្រុកជាច្រើនឆ្នាំ ពួកគេមិនដែលមកចូលរួមពិធីបុណ្យទាន ឬ មករក្សាទំនាក់ទំនងជាមួយនឹងអ្នកស្រុកអ្នកភូមិខ្លួននោះទេ ទើបធ្វើឱ្យម្នាក់ៗក៏កើតចិត្តកំណាញ់មិនចង់ពាក់ព័ន្ធជាមួយវិញឡើយ៕