កូនខ្មែរគួរដឹង! នេះជាប្រវត្តិព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិ ដែលកម្ពុជាយកបានពីអាណានិគមបារាំង
នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃគម្រប់ខួបលើកទី ៧១ នៃពិធីបុណ្យឯករាជ្យជាតិ ដែលប្រទេសកម្ពុជាបានរួចផុតពីការត្រួតត្រានៃអាណានិគមនិយមបារាំង អស់រយៈពេល ៩០ ឆ្នាំ ព្រមទាំងជាថ្ងៃមួយដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំពីព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យរបស់ព្រះបាទ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ។
ប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលពីប្រទេសបារាំង (អាណានិគមលើកម្ពុជា) ចាប់តាំងពីឆ្នាំ ១៨៦៣ រហូតដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ទើបបារាំងផ្តល់ឯករាជ្យពេញលេញដល់ប្រទេសកម្ពុជា ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ហើយព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះអង្គបានធ្វើឡើង ជាមួយប្រទេសបារាំង ដោយបានចរចាផ្ទេរអធិបតេយ្យភាពមកឱ្យកម្ពុជា ក្រោយពីព្រះអង្គបានធ្វើយុទ្ធនាការនោះអស់ជាច្រើនឆ្នាំ។
ចំពោះព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីបារាំង ដែលព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ បានធ្វើឡើងមានដូចជា ៖
• ក្នុងឆ្នាំ ១៩៤៧ ព្រះអង្គមានមហាជោគជ័យ ក្នុងការទាមទារឱ្យរាជាណាចក្រថៃឡងដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញ ជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោក លើកទី ២ ថៃឡងដ៍ បានយកពីកម្ពុជា ទៅមានខេត្តបាត់ដំបង សៀមរាប កំពង់ធំ និង ខេត្តស្ទឹងត្រែង។
• ឆ្នាំ ១៩៤៩ ព្រះអង្គបានទាមទារឱ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និង ឆ្នាំ ១៨៨៤ ហើយនៅឆ្នាំ ១៩៤៩ ដដែល ព្រះអង្គបានឡាយព្រះហស្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជអាណាចក្រកម្ពុជា (សន្ធិសញ្ញាឆ្នាំ ១៩៤៩ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ ១៨៦៣ និង ឆ្នាំ ១៨៨៤)។
• ចាប់ពីឆ្នាំ ១៩៥២ ដល់ឆ្នាំ ១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ច ទាមទារកេតនភណ្ឌឯករាជ្យ ១០០ ភាគរយជូនជាតិមាតុភូមិរហូតដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជអាណាចក្រកម្ពុជា ក៏បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង ដែលធ្វើឱ្យប្រជារាស្ត្រខ្មែរ ទូទាំងប្រទេសបានថ្វាយព្រះកិត្តិនាមព្រះអង្គថា ៖ «ព្រះមហាវីរបុរសជាតិ – ព្រះបិតាឯករាជ្យជាតិ»។
• នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៥២ សម្តេចព្រះបាទ នរោត្តម សីហនុ ទ្រង់បានថ្លែងជា ឱឡារិកថា ៖ «ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិ មាតុភូមិ ឱ្យបានដាច់ខាត ក្នុងរយៈពេល ៣ ឆ្នាំ» ដោយក្នុងពេលនោះ គឺមានសហការីជួយគាំទ្រផង ព្រះអង្គក៏យាងទៅកាន់ប្រទេសបារាំង ក្នុងខែកុម្ភៈ ឆ្នាំ ១៩៥៣ ហើយនៅទីនោះ ព្រះអង្គបានផ្ញើសារលិខិតជូនលោក វ៉ាំងសង់ អូរីយ៉ូល ជាប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន ៣ លើក ៖ លើកទី ១ ថ្ងៃទី ៥ ខែមីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល, លើកទី ២ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៥៣ ពីទីក្រុងណាពូល, លើកទី ៣ ថ្ងៃទី ៣ ខែមេសា ឆ្នាំ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ ប៉ុន្តែដោយរដ្ឋាភិបាលបារាំង ពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់ក៏សម្រេចព្រះទ័យ យាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យ នៅក្នុងប្រទេសកាណាដា និង សហរដ្ឋអាមេរិក។
• នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ សម្តេចព្រះ នរោត្តម សីហនុ បានថ្លែងទៅអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរ ទាក់ទងនឹងរាជាណាចក្រកម្ពុជា និង ប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរីក្នុងឥណ្ឌូចិន ដោយទី ១ គឺ បញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស្ត និង ទី ២ គឺបញ្ហាឯករាជ្យបរិបូរណ៍ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយយោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ពុំត្រូវការរបបកុម្មុយនីស្តទេ ព្រោះថា ប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន ដូចនេះបញ្ហា ដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរណ៍ សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយនីស្ត គេមើលឃើញថា ប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ។
ដោយឡែក នៅសហរដ្ឋអាមេរិក វិញ ព្រះអង្គទ្រង់បានធ្វើសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម យកទៅចុះផ្សាយក្នុងទំព័រទី ១ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ១៩៥៣ ធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានខ្លឹមសារថា ៖ «បើបារាំង មិនយល់ព្រមប្រគល់ឯករាជ្យឱ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដគឺថា ប្រជាពលរដ្ឋខ្មែរ នឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនីស្តវិញ»។
មិនតែប៉ុណ្ណោះ សម្តេចព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះ នរោត្តម សីហនុ បានលើកឡើងទៀតថា ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា ៖ «ពួកបារាំង ទាំងអស់ ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ …» ដែលព្រះបញ្ញាញាណនេះហើយ បានធ្វើឱ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឱ្យរដ្ឋាភិបាលបារាំង ព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍ នៃរាជាណាចក្រកម្ពុជា។
គួរឱ្យដឹងដែរថា ព្រះករុណាសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ កន្លងទៅវេលាម៉ោង ១ និង ២០ រំលងអធ្រាត្រ (ម៉ោងកម្ពុជា) ហើយព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដង្ហែចេញពីទីក្រុងប៉េកាំង មកតម្កល់ក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ រហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៣ ទើបរាជរដ្ឋាភិបាលបានចាត់ចែងព្រះរាជពិធីបូជា ព្រះបរមសព ព្រះករុណា នៅវាលព្រះមេរុ តាមព្រះរាជបណ្តាំរបស់ព្រះអង្គ ពេលនោះហើយដែលព្រះអង្គត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្វាយព្រះនាមថា «ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ»៕
ប្រភព៖ pressocm.gov.kh