យល់សប្តិថាប្តីមានស្រី មានអីឆុតមែន ងើបមកលួចឆែកទូរស័ព្ទប្តីលេងៗ ឃើញភស្តុតាងមែនទែន
បើនិយាយរឿងយល់សប្តិនោះ គ្មានយល់សប្តិឆុតជាស្រីៗនោះទេ ជាក់ស្តែងដូចជាករណីមួយនេះ នៅប្រទេសចិន ដែលខាងប្រពន្ធដេកយល់សប្តិថាប្តីមានស្រី ដល់ពេលងើបមកលួចឆែកទូរស័ព្ទប្តីលេងៗ មានអីប្តីលួចមានស្រីមែន។
តាមព័ត៌មានបានឱ្យដឹងថា គូប្តីប្រពន្ធនេះ បានរួមរស់ជាមួយគ្នាអស់រយៈពេលជិត ១០ ឆ្នាំហើយ រហូតដល់យប់មួយ ប្រពន្ធដេកទៅ ក៏យល់សប្តិឃើញថាប្តីមានស្រី តែងើបឡើងមកហាក់ធូរទ្រូង ព្រោះគិតថាគ្រាន់តែជាយល់សប្តិ តែមានអីសុខៗទៅលួចឆែកទូរស័ព្ទប្តី ស្រាប់តែជួបរឿងមិននឹកស្មាន។
ក្នុងនោះ តាមពិតទៅប្តីលួចមានស្រីពិតមែន ថែមទាំងលួចណាត់គ្នាដល់សណ្ឋាគារទៀត ធ្វើឱ្យនាងឈឺចាប់ខឹងសម្បារខ្លាំង ហើយក៏បានសម្រេចចិត្តតទល់រឿងនេះជាមួយប្តី។ ចុងក្រោយប្តីក៏សារភាព ថាបានលួចក្បត់ចិត្តពិតមែន ទើបនាងក៏ឱ្យប្តីសរសេរកិច្ចសន្យាថានឹងមិនយកទ្រព្យសម្បត្តិទាំងអស់ និង សងជំងឺចិត្តប្រហែល ១៤០ ០០០ ដុល្លារ ព្រមទាំងលុយចិញ្ចឹមកូនក្នុងមួយខែជាង ៨០០ ដុល្លារ។
យ៉ាងណាមិញ ពេលទៅតទល់គ្នានៅតុលាការ ខាងប្តីបែរជាប្រាប់ថា ខ្លួនត្រូវបានបង្ខំឱ្យសរសេរកិច្ចសន្យានោះ ហើយទាមទារថានឹងឱ្យថ្លៃសងជំងឺចិត្តតែជាង ៤០ ០០០ ដុល្លារ និង ថ្លៃចិញ្ចឹមកូនតែជាង ៦០០ ដុល្លារប៉ុណ្ណោះ។ ខាងប្រពន្ធមិនសុខចិត្តឡើយ នាងអះអាងមិនបានបង្ខិតបង្ខំអ្វីឡើយ ទើបសម្រេចចិត្តថានឹងដាក់ពាក្យប្តឹងលែងលះ តែការសម្រេចចិត្តនេះ បែរជាមកចំណេញខាងប្តីវិញ ព្រោះគេនឹងយកការលែងនេះ ទៅបែងចែកទ្រព្យសម្បត្តិតាមផ្លូវច្បាប់៕