យុវជនមួយរូបគាស់កកាយស្ថាបត្យកម្មខ្មែរទំនើបឡើងវិញ តាមរយៈសិល្បៈគំនូរឌីជីថល
សាបត្យកម្មខ្មែរទំនើបល្បីល្បាញជំនាន់ទសវត្សរ៍ ៦០-៧០ ជាពិសេសស្ថាបត្យកម្មដែលជាស្នាដៃរបស់ លោកតា វណ្ណ មូលីវណ្ណ ត្រូវបានយុវសិល្បករជំនាន់ថ្មីមួយរូបសិក្សាស្រាវជ្រាវ និងរំលេចឡើងវិញជាគំនូរឌីជីថល។
ពុំ មាសបណ្តូល ឬ មានឈ្មោះហៅក្រៅថា ឌីដូល លោកបានបង្កើតគំនូរទ្រីឌី (3D) ដែលបង្ហាញពីស្ថាបត្យកម្មខ្មែរទំនើប ជាមួយគោលបំណងចម្បង គឺផ្សព្វផ្សាយស្ថាបត្យកម្មខ្មែរទំនើបទៅកាន់ពិភពលោក។ គំនូររបស់លោកភាគច្រើនសុទ្ធសឹងបង្ហាញពីស្ថាបត្យកម្មរបស់ លោក តា វណ្ណ មូលីវណ្ណ ដោយសារតែស្ថាបត្យកម្មរបស់លោកតាមានឯកសារច្រើនសម្រាប់ការស្រាវជ្រាវ។ លោកបានសិក្សាអំពីប្រវត្តិអគារតាំងពីឆ្នាំ ២០១៣ បន្ទាប់មកនៅឆ្នាំ ២០១៦ លោកបានចាប់ផ្តើមគូរប្លង់សំខាន់ៗរំលេចចេញជាគំនូរបែបឌីជីថល ហើយបង្ហោះនៅលើបណ្តាញសង្គមធ្វើឱ្យមានការចាប់អារម្មណ៍រហូតហៀរហូរដល់បរទេស។
ចំណោមគំនូរបង្កើតឡើងរាប់មិនអស់ លោកបានគូរច្បិចប្លង់សំខាន់ៗពីស្ថាបត្យកម្មល្បីៗមួយចំនួនដូចជា ពហុកីឡាដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានភាសាបរទេស សាលសន្និសីទចតុមុខ សំណង់ «ផ្ទះ ១០០ ខ្នង» សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិមានរដ្ឋចំការមន វិមានឯករាជ្យ និង អាកាសយានដ្ឋានសៀមរាប ជាដើម។
ការបង្កើតគំនូរសិល្បៈឌីជីថលនេះគឺជាការងារផ្ទាល់ខ្លួនមួយផ្នែក ក្រៅពីការងារបច្ចុប្បន្នដែល ពុំ មាសបណ្តូល កំពុងធ្វើ។ តួយ៉ាង លោកក៏ជាស្ថាបត្យករមួយរូបកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនផងដែរ។ សម្រាប់ បណ្តូល គំនូរធ្វើឡើងមកនេះគឺកើតចេញពីការស្រឡាញ់ ការចង់អភិរក្ស និង បង្ហាញឡើងចង់ឱ្យមានការរួបរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនសម័យទំនើបគួរតែរៀនពីអ្វីដែលយើងមានដើម្បីប្រើជាប្រយោជន៍ មុននឹងបង្កើតអ្វីមួយដែលថ្មី ឬ យកតាមទំនើបកម្មបរទេស៕