(វីដេអូ) ក្រុមល្បាតជលផល ប្រទះឃើញត្រីបាណន់គីង្គក់ ឬ Whale Shark ដែលជាប្រភេទត្រីកម្រជិតផុតពូជនៅកោះរ៉ុង
នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងរដ្ឋបាលជលផល បានបញ្ជាក់ថា ក្រុមល្បាតជលផល និង សហគមន៍នេសាទ បានប្រទះឃើញត្រីបាណន់គីង្គក់ ឬ Whale Shark មួយក្បាលនៅកោះរ៉ុង។
យោងតាមការបង្ហោះរបស់ក្រសួងបានឱ្យដឹងថា ការប្រទះឃើញនេះបានកើតឡើងក្នុងពេលក្រុមការងារជលផល កំពុងចេញល្បាតទប់ស្កាត់បទល្មើស កាលពីវេលាម៉ោង ៥ និង ១០ នាទីល្ងាច កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
មិនតែប៉ុណ្ណោះ ក្រសួងបានឱ្យដឹងទៀតថា ជាទូទៅត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និង កូនត្រី មានប្រវែងរហូតដល់ ៦ ម៉ែត្រ និង មានអាយុវែងរហូតដល់ជាង ១០០ ឆ្នាំ ហើយត្រីនេះត្រូវបានចាត់ជា ប្រភេទជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ១២៣ អនក្រ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៩ និង សៀវភៅក្រហមរបស់ IUCN ដូចនេះការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន៕