អបអរសារទរ! ខួបគម្រប់ទី ៣១ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ បានបង្ហោះវីដេអូឱ្យបានដឹងថា ថ្ងៃនេះគឺជាខួបលើកទី ៣១ ឆ្នាំហើយ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៣)។
កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ កន្លងទៅ ពោលគឺកាលពី ៣១ ឆ្នាំមុន ប្រាសាទអង្គរវត្ត របស់កម្ពុជា ត្រូវបានដាក់ចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅទីក្រុងសាន់តាហ្វេ នៃសហរដ្ឋអាមេរិក ហើយក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២ – ១៣ ខែតុលា ឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និង ផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និង អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ ១៩៩៣ ។
គួរឱ្យដឹងដែរថា តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្ត តែមួយប៉ុណ្ណោះទេ ប៉ុន្តែសំដៅដល់រមណីយដ្ឋានអង្គរទាំងមូល ដែលក្នុងនោះរួមបញ្ចូលទាំង ប្រាសាទបុរាណ ស្ថានីយបុរាណវិទ្យា បរិស្ថាន និង សហគមន៍មនុស្សផងដែរ ដោយមានផ្ទៃក្រឡាសរុប ៤០១ គីឡូម៉ែត្រក្រឡា ហើយនៅក្នុងរមណីយដ្ឋានអង្គរ ទាំងមូលមានប្រាសាទជិត ១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕
រូបភាពដោយ ៖ Ki Tuo/Ki Sowa