ផ្អើលនៅថៃ! ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ តាំងខ្លួនជាអវតាស្តេចនាគមានបារមី ឥឡូវកំពុងឈ្លោះគ្នាពេញហ្នឹងរវាងអ្នកជឿ និង មិនជឿ
ថ្មីៗនេះ នៅក្នុងប្រទេសថៃកំពុងផ្ទុះល្បីចែករំលែកនូវរឿងរ៉ាវរបស់ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ ដែលអាងថាជាអ្នកមានបុណ្យ អាចអានចិត្តមនុស្ស និង មើលឃើញអនាគតបាន បានធ្វើឱ្យមហាជនពីរក្រុមដែលមានអ្នកការពារ និង អ្នកហែកកេរ្តិ៍ឈ្លោះតតាំងគ្នាយ៉ាងក្តៅគគុក។
ក្មេងប្រុសរូបនេះឈ្មោះ Nong Nice បានអះអាងខ្លួនជាអវតារបស់ស្តេចនាគមួយអង្គ ហើយមានសមត្ថភាពអាចដឹងរឿងរ៉ាវជាច្រើនក្នុងអតីតកាល និង អនាគត អាចមើលឃើញកម្មផលរបស់មនុស្ស និង អានចិត្តបានទៀតផង។ តាំងពីបានតាំងខ្លួនបែបនេះមក ក្មេងប្រុសរូបនេះមានអ្នកគាំទ្រ មានកូនសិស្សមិនតិចជាងពាន់នាក់នោះទេ ហើយក៏បានធ្វើការដឹកនាំវិប្សសនាកម្មដ្ឋានជាច្រើនលើក ដែលក្នុងការវិបស្សនានេះ សុទ្ធតែមានកញ្ចប់តម្លៃទៀតផង។
ទើបតែថ្មីៗនេះ មាននារីម្នាក់ដែលធ្លាប់ជាកូនសិស្សបានចេញមុខមកទម្លាយរឿងរ៉ាវសង្ស័យទៅលើកុមាររូបនេះ ជាពិសេសពាក់ព័ន្ធនឹងរឿងលុយកាក់។ នារីរូបនេះបានឱ្យដឹងថា នាងសង្ស័យថាមានអ្នកនៅពីក្រោយរឿងនេះ ជាពិសេសគឺម្តាយរបស់ក្មេង និង គ្រូពេទ្យមួយរូប ព្រោះលេខកុងបញ្ជីដែលឱ្យបាញ់លុយបរិច្ចាគទៅម្តងៗឃើញមានតែឈ្មោះគ្រូពេទ្យម្នាក់នេះ។
ក្រោយពីរឿងត្រូវបានផ្ទុះចែកចាយ ក៏មានមហាជនជាច្រើនទាមទារឱ្យមានការស៊ើបពិនិត្យផងដែរ ប៉ុន្តែមិនទាន់បានប៉ុន្មានខាងកូនសិស្សជាង ២០ នាក់ ក៏បាននាំគ្នាធ្វើដំណើរមកដល់ប៉ុស្តិ៍ប៉ូលិសនាំគ្នាបកស្រាយបញ្ជាក់ទៅវិញផាំងៗ ហើយថែមទាំងចង់ប្តឹងទាមទារយុត្តិធម៌ឱ្យអ្នកមានបុណ្យវ័យក្មេងរូបនេះទៀតផង៕