តស់! មកដឹងពីបាតុភូត Winter Solstice ដែលយប់មានរយៈពេលយូរជាងថ្ងៃ គិតទៅគឺចំថ្ងៃទី ២២ ខែធ្នូ យប់នេះហើយ
ជារៀងរាល់ឆ្នាំ ជាធម្មតាយើងនឹងប្រទះបាតុភូតម្យ៉ាង ដែលហៅថា Winter Solstice គឺកើតឡើងនៅចន្លោះថ្ងៃទី ២០ ដល់ ២៣ ខែធ្នូ ដែលបាតុភូតនេះដែរ គឺជាវេលាដែលមានពេលយប់យូរជាងពេលថ្ងៃ។
បើនិយាយទៅ Winter Solstice នេះ គឺជាថ្ងៃដែលអ័ក្សផែនដីអឌ្ឍគោលខាងជើង ផ្អៀងឆ្ងាយពីព្រះអាទិត្យបំផុតដែលធ្វើឱ្យបណ្តាប្រទេសនៅអឌ្ឍគោលខាងជើង ប្រទេសក្នុងតំបន់អាស៊ី រួមទាំងប្រទេសកម្ពុជា មានរយៈពេលថ្ងៃខ្លីបំផុត និង យប់វែងបំផុតប្រចាំឆ្នាំ។
ការមានពេលយប់វែងជាងពេលថ្ងៃនេះ ធ្វើឱ្យសីតុណ្ហភាពថយចុះ ដូចនេះហើយប្រទេសជាច្រើននៅអឌ្ឍគោលខាងជើងចាត់ទុកថាថ្ងៃនេះជាការចាប់ផ្តើមនៃរដូវរងា ខណៈពេលដែលនៅក្នុងប្រទេសនៅអឌ្ឍគោលខាងត្បូងត្រូវបានគេចាត់ទុកថាជាការចាប់ផ្តើមនៃរដូវក្តៅ។
យ៉ាងណាមិញ ក្នុងរយៈពេល ១ ឆ្នាំ ផែនដីវិលជុំវិញព្រះអាទិត្យ វានឹងមានបាតុភូតសំខាន់ៗទាក់ទងនឹងការឃ្លាតឆ្ងាយ និង ខិតជិតចំនួន ៤ គឺ ៖
- Vernal Equinox ជាថ្ងៃដែលមានរយៈពេលថ្ងៃ និង យប់ដូចគ្នា គឺនៅក្នុងចន្លោះថ្ងៃទី ២០-២៣ ខែមីនា។
- Summer Solstice ដែលជាថ្ងៃដែលមានរយៈពេលថ្ងៃវែងបំផុត គឺនៅក្នុងចន្លោះថ្ងៃទី ២០-២៣ ខែមិថុនា។
- Autumnal Equinox ជាថ្ងៃដែលមានរយៈពេលថ្ងៃ និង យប់ដូចគ្នា គឺនៅក្នុងចន្លោះថ្ងៃទី ២០-២៣ ខែកញ្ញា។
- Winter Solstice ជាថ្ងៃដែលមានរយៈពេលយប់ដ៏វែងបំផុត វាគឺនៅក្នុងចន្លោះថ្ងៃទី ២០-២៣ ខែធ្នូ។