ដឹងពីហេតុផល ថ្មប្រាសាទតែងមានចោះរន្ធជាប្រហោងនៅកណ្ដាល ទើបដឹងថា បុព្វបុរសយើងអស្ចារ្យប៉ុនណា
កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងព័ត៌មានបានចុះផ្សាយឱ្យដឹងថា នៅតាមថ្មប្រាសាទបុរាណនីមួយៗនៅទូទាំងប្រទេសកម្ពុជា គេតែងសង្កេតឃើញថ្មមួយដុំៗ មានចោះរន្ធទំហំប្រហែលប៉ុនមេជើង ដែលភាគច្រើនមនុស្សតែងគិតថា នៅតាមថ្មទាំងនោះ បុព្វបុរសមានបញ្ចុះវត្ថុសក្ការៈអ្វីមួយ ដូចនេះដើម្បីបកស្រាយចម្ងល់ទាំងនេះអ្នកបុរាណវិទូ លោក អ៊ឹម សុខរិទ្ធី បានស្រាយមន្ទិលទាំងនោះ។
យោងតាមការចុះផ្សាយ លោក អ៊ឹម សុខរិទ្ធី ជាបុរាណវិទូ និង ជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និង ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា នៅតាមប្រាសាទទាំងអស់ទូទាំងប្រទេសកម្ពុជា តែងឃើញមានថ្មមួយដុំៗ មានរន្ធទំហំប៉ុនៗមេជើង នៅសងខាង ឬចំហៀងនៃថ្ម លោកថា មានមតិខ្លះតែងយល់ច្រឡំថា រន្ធនៅតាមដុំថ្មទាំងនោះ មានគេបញ្ចុះវត្ថុជាទីសក្ការៈអ្វីមួយ ប៉ុន្តែការពិតមិនដូច្នេះឡើយ រន្ធទាំងនោះគឺ ទាក់ទងជាមួយនឹងរបៀបលើកថ្ម សម្រាប់កសាងប្រាសាទនីមួយៗតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ លោកបានបន្តទៀតថា ពីបុរាណកាលមកបច្ចេកវិទ្យានេះត្រូវអនុវត្ត ដោយបុព្វបុរសនូវគ្រប់សំណង់សាងសង់ប្រាសាទទាំងអស់ ជាមធ្យោបាយលើកបន្តុបថ្ម ដោយប្រើប្រាស់រន្ទាឈើ ដូច្នេះរន្ធប្រហោងៗទាំងនោះ ជារន្ធ ដែលគេស៊កនឹងកូនឈើដទៃទៀតនៅសងខាង ទើបភ្ជាប់ខ្សែលើកតាមរន្ទាម្តងមួយដុំទៅខាងលើ ដើម្បីបានជាប្រាសាទ។
ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ទៀតថា ៖ «រន្ធប្រហោងៗនោះគឺជារន្ធ ដែលគេស៊កនឹងកូនឈើតូចៗដទៃទៀត ដែលនៅសងខាង ហើយបានគេភ្ជាប់ខ្សែបានគេលើកជារន្ទាឈើ និង ខ្សែ លើកម្តងមួយដុំៗ លើកបន្តុបលើគ្នា ដោយការលើកបន្តុបលើគ្នាហ្នឹងមិនទាន់លើកត្រូវភ្លាមៗទេ បន្ទាប់មកគេយកមកដាក់ឱ្យវាស៊ីគ្នា មានកន្លើតញីឈ្មោល គេរឹតវាទៅបានគេដាក់តគ្នា រួចបានគេស្រាយខ្សែហ្នឹងទៅ»។
យ៉ាងណាមិញ លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ច្បាស់ៗថា ៖ «ការអះអាងទាំងនេះមិនមានភស្តុតាងមកបញ្ជាក់ឡើយ ពោលគឺនៅប្រាសាទបាយ័ន និង ភស្តុតាងគ្រប់ទីកន្លែងនៅតាមថ្ម ដែលមានប្រហោងរន្ធ ដែលគេប្រើសម្រាប់លើកថ្ម» ដោយលោកបានលើកឡើងថា ចាប់តាំងពីការបង្កើតឱ្យមានអាជ្ញាធរជាតិអប្សរាមក ក៏មានវគ្គបណ្តុះបណ្តាលអ្នកជំនាញ ដើម្បីមកបំពេញការងារនៅអាជ្ញាធរជាតិអប្សរានាអំឡុងឆ្នាំ ២០០០ អ្នកជំនាញជាតិ និង អន្តរជាតិបានបង្កើតកម្មវិធីមួយគឺ បង្ហាត់បង្ហាញអ្នកជំនាញឱ្យស្គាល់អំពីរបៀប ដែលបុរាណលោកកសាងប្រាសាទ ព្រមទាំងបានធ្វើរបៀបពិសោធន៍នៅប្រាសាទតានៃ ដែលជាមន្ទីរពិសោធន៍ក្នុងកិច្ចការងារជួសជុល និង អភិរក្សបង្ហាញអំពីការលើកថ្ម។ មួយវិញទៀត ស្ថាប័នជប៉ុន ដែលធ្វើការងារជួសជុលនៅប្រាសាទបាយ័ន ក៏បានធ្វើគម្រូអំពីរបៀបលើកថ្ម ដោយប្រើរន្ទា និង កៅឡាក់ឈើ ដើម្បីបង្ហាញមហាជនបានដឹងពីចាស់បុរាណ ដែលលោកបានលើកថ្មកសាងឬជួសជុលប្រាសាទនៅកម្ពុជា៕
ប្រភព និង រូបភាព ៖ ក្រសួងព័ត៌មាន