(វីដេអូ) រឿង Cherry និង ក្រុមមិត្តប្រើហិង្សា ត្រូវបុរសម្នាក់លើកយកមកច្រៀងចាប៉ីដងវែង ពីរោះហើយបង្កប់សារអប់រំទៀត
កាលពីពេលថ្មីៗនេះ ករណីក្រុមក្មេងៗទំនើង ៤ នាក់ បង្កហិង្សាលើក្មេងស្រីម្នាក់នៅខណ្ឌកំបូល បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ខ្លាំង រហូតដល់ក្មេងៗទាំងនោះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការបន្តទៀត ក្រោយពួកគេត្រូវបានឃាត់ខ្លួននៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវនេះបានផ្ទុះកក្រើក និង មានការចែករំលែកពេញបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា ស្រាប់តែពេលថ្មីៗនេះ មានគណនី TikTok មួយឈ្មោះ ឆុន តុលា បានបង្ហោះវីដេអូមួយ ដោយបានច្រៀងអប់រំអមជាមួយការដេញចាប៉ីដងវែងដ៏ពីរោះ ប្រកបដោយន័យអប់រំផង កំប្លែងផង ធ្វើឱ្យមនុស្សជាច្រើនហាក់ចាប់អារម្មណ៍។
ជាក់ស្ដែង ក្នុងវីដេអូនោះម្ចាស់គណនីបានច្រៀងអប់រំឱ្យក្មេងជំនាន់ក្រោយ ជាពិសេសសិស្សសាលាទាំងអស់ កុំឱ្យយកគំរូតាមក្មេងទំនើងទាំង ៤ នោះឱ្យសោះ ប៉ុន្តែត្រូវធ្វើជាទំពាំងស្នងឫស្សី ខណៈដែលអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិសរសើរថា លោកជាមនុស្សពូកែដែលបានយកឧបករណ៍ភ្លេងបុរាណមកច្រៀងផ្សារភ្ជាប់នឹងសង្គមដាស់តឿនអ្នកជំនាន់ក្រោយ។
គួរឱ្យដឹងដែរថា ចំពោះករណីក្មេងៗព្រួតគ្នាវាយសិស្សស្រីម្នាក់នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនក៏បានបញ្ចេញមតិសង្ឃឹមថា ក្រោយត្រូវឃុំបែបនេះ សង្ឃឹមថាក្មេងៗទាំងនេះនឹងមានស្មារតីភ្ញាក់រឭក ហើយពេលរួចពីទោសអាចកែប្រែការគិតខិតខំរៀនសូត្រ ជាទំពាំងស្នងឫស្សី ចៀសវាងធ្វើឱ្យគ្រួសារពិបាកចិត្ត ដោយសារតែរឿងបែបនេះ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ