រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសដំណឹងប្រសិនបើបញ្ចេញសំរាមខុសម៉ោងកំណត់នេះ នឹងប្រឈមការផាកពិន័យ
កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការផាកពិន័យចំពោះអំពើល្មើស និង ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ៖ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីណែនាំស្តីពីការ គ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដែលបានណែនាំលម្អិតអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និង ការបញ្ចេញសំរាម សំណល់រឹង ដូចជា ៖ សំរាម និង សំណល់រឹង មុននឹងបញ្ចេញត្រូវសម្រឹតទឹកចេញ ដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ហើយត្រូវញែកសំរាម សំណល់រឹង ជាពីរប្រភេទ មានសំរាមសើម និង សំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា ដោយដាក់សំរាមសើម ដូចជា សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា។ល។ ត្រូវដាក់នៅក្នុងថង់ពណ៌ខ្មៅ និង សំរាមស្ងួតដូចជា ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប។ល។ ត្រូវដាក់ក្នុងថង់ពណ៌ស។
ទន្ទឹមនឹងនេះ ហាមវេចខ្ចប់សំណល់ ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និង សំណល់មុតស្រួចនានា លាយឡំជាមួយ និង សំរាមសើម និង សំរាមស្ងួត ហើយថង់សំរាម សំណល់រឹង ត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និង មិនត្រូវហែកឡើយ។ ចំណែកឯក្រុមតម្រូវមានដូចជា ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អគារ ស្នាក់នៅ ភោជនីយដ្ឋាន កន្លែងកម្សាន្ត សាលារៀន មន្ទីរពេទ្យ លំនៅដ្ឋានក្នុងបុរី សហគ្រាស រោងចក្រ សិប្បកម្ម អគារក្រសួង ស្ថាប័នរដ្ឋ ត្រូវមានកាតព្វកិច្ចដាក់ធុងសំរាម ដោយខ្លួនឯងជាចាំបាច់។
ដោយឡែក ក្រុមលើកទឹកចិត្តមានដូចជា វត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និង ផ្សារក្រមួនអាចមាន ២ ប្រភេទដូចជា ៖ ទី ១ មានធុងសំរាមខ្លួនឯងស្រាប់ និង ទី ២ ធុងសំរាម ដែលផ្តល់ឱ្យដោយប្រតិបត្តិករថ្មី ដែលអាចត្រូវបានរៀបចំដាក់ពង្រាយជាពិសេសនៅតាមតំបន់ផ្ទះល្វែងខ្ពស់ៗ។ លើសពីនេះត្រូវទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមទីកន្លែង ដែលបានកំណត់ (ទីតាំងទុកដាក់ សំរាមនឹងត្រូវបានកំណត់ ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាមតាមការជាក់ស្តែង)។
មិនតែប៉ុណ្ណោះ ហាមចោលសំរាម សំណល់រឹង នៅមាត់អណ្តូងលូ ប្រឡាយ តាមទីសាធារណៈ តាមអាងស្តុកទឹក និង ហាមដុតសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ជាកំហិត ចំពោះកម្មវិធីបញ្ចេញសំរាមសំណល់រឹង ខណ្ឌកណ្តាលរាជធានី ចំនួន ៥ រួមមាន ៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ ៧ មករា ខណ្ឌទួលគោក និង ខណ្ឌបឹងកេងកង ក្រុមហ៊ុននឹងប្រមូល និង ដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ចាប់ពីម៉ោង ៩ ដល់ ម៉ោង ៥ ទៀបភ្លឺ ដូច្នេះម៉ោងបញ្ចេញសំរាមមាន ៣ ម៉ោង គឺម៉ោង ៦-៩យប់ ហើយការបញ្ចេញសំរាមខុសពីម៉ោងនេះនឹងត្រូវទទួលការផាកពិន័យ។ ចំណែកឯខណ្ឌជាយរាជធានី ចំនួន ៩ រួមមាន ៖ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និង ខណ្ឌច្បារអំពៅ ក្រុមហ៊ុននឹងប្រមូល និង ដឹកជញ្ជូន ដូចខាងក្រោម៖
• ផ្លូវជាតិ ៖ ត្រូវប្រមូល និង ដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់វេលាម៉ោង ៩ យប់ ដូចច្នេះ ការបញ្ចេញសំរាមត្រូវចាប់ផ្តើមចន្លោះពីម៉ោង ៦ យប់រហូតដល់ម៉ោង ៩ យប់។
• ផ្លូវធំ ៖ ត្រូវប្រមូល និង ដឹកជញ្ជូនរៀងរាល់ថ្ងៃ (ពេលថ្ងៃវេលាម៉ោង ៨ ព្រឹក ឬពេលយប់វេលាម៉ោង ៩)។
• ផ្លូវរណប ៖ ត្រូវប្រមូល និង ដឹកជញ្ជូនរៀងរាល់ ២ ថ្ងៃម្តង (ពេលថ្ងៃវេលាម៉ោង ៨ ព្រឹក ឬពេលយប់វេលាម៉ោង ៩)។
រដ្ឋបាលបញ្ជាក់ទៀតថា ម៉ោងពេលបញ្ចេញសំរាម សំណល់រឹង នឹងត្រូវកំណត់ដោយអាជ្ញាធរមូលដ្ឋាន និង ប្រតិបត្តិករ បញ្ជាក់ប្រមូលតាមការជាក់ស្តែង ហើយសំរាម សំណល់រឹងស្ងួត ក្រុមហ៊ុននឹងប្រមូល និង ដឹកជញ្ជូន ២ ដង/១សប្តាហ៍ គឺនៅរៀងរាល់ ថ្ងៃចន្ទ និង ថ្ងៃសុក្រ។
ក្នុងករណីខកខានមិនបានបញ្ចេញសំរាម សំណល់រឹងតាមម៉ោងពេលកំណត់ (ពេលថ្ងៃត្រឹមម៉ោង ៨ ព្រឹក និង ពេលយប់ត្រឹមម៉ោង ៩ យប់) ត្រូវរង់ចាំបញ្ចេញនៅវេនក្រោយ ហើយមិនត្រូវយកសំរាមនោះមកទុកគ្មានសណ្តាប់ធ្នាប់ឡើយ។
ជាមួយគ្នានេះដែរ រដ្ឋបាលបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពតាមសេចក្តីណែនាំខាងលើនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិជាធរមាន ដូចជា អំពើល្មើសនានា ក្នុងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និង ការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ឬការផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់៕ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអានក្នុងសេចក្ដីជូនដំណឹង ដែលមានភ្ជាប់ជូនខាងក្រោម