គន់សម្រស់ដ៏សែនស្រទន់របស់ Anisha កូនក្រមុំព្រះអង្គម្ចាស់ Mateen ក្នុងឈុតប្រពៃណីថ្ងៃរៀបអភិសេក
ព្រះអង្គម្ចាស់ Mateen នៃប្រទេសប្រ៊ុយណេ ជាមួយនឹងកូនក្រមុំ Anisha បានកាន់ដៃគ្នារៀបព្រះរាជពិធីអភិសេកជាផ្លូវការ តាំងពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ នារាជវាំងក្រុងបង់ដាសេរីបេហ្គាវ៉ាន់ ដោយមានវត្តមានរបស់ញាតិវង្ស និង មន្រ្តីគ្រប់ជាន់ថ្នាក់។
ក្នុងឱកាសដ៏អ៊ឹកធឹកធមហិមានេះ ធ្វើឱ្យមហាជនបានឃើញសម្រស់ Anisha កាន់តែច្បាស់ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នាងបានបង្ហាញខ្លួនក្នុងឈុតប្រពៃណីកូនក្រមុំឥស្លាមជាច្រើនឈុត មើលទៅពិតជាស្រស់ស្អាតប្លែកភ្នែក ហើយស័ក្ដិសមជាមួយដងខ្លួនមុខមាត់គ្រប់ឈុត។
ក្នុងនោះ នាងបានស្លៀកឈុត baju kurung ពណ៌ស ក្នុងការបង្ហាញវត្តមានជាលើកដំបូង នៅក្នុងពិធី Khatam Quran កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ។ ឈុតនេះ ត្រូវបានគេដឹងថា ជាឈុតប្រចាំជាតិរបស់ម៉ាឡេស៊ី និង ប្រ៊ុយណេ ត្រូវបានកាត់ឡើងដោយជាងដ៏ល្បីមួយរូបនាប្រទេសម៉ាឡេស៊ី។
ដោយឡែកនៅក្នុងថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ កូនកំលោះកូនក្រមុំទាំងពីរ ក៏បានបង្ហាញខ្លួននៅក្នុងពិធី Berbedak Mandi ហើយក្នុងនោះ គេឃើញ Anisha ស្ថិតនៅក្នុងឈុតពណ៌ក្រហមដ៏សែនប្រណីត មានទាំងមកុដនៅលើក្បាល គ្របទៅដោយស្បៃក្រហមដូចគ្នា ហើយនាងត្រូវបានគេហែហមនាំមកអង្គុយកន្លែងធ្វើពិធី ទើបដកស្បៃចេញ បង្ហាញឱ្យឃើញសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
នៅក្នុងថ្ងៃដដែល Anisha បានគ្រងឈុតថ្មីមួយទៀតទៅក្នុងកម្មវិធីបន្ទាប់ ដែលជាឈុតកូនក្រមុំពណ៌ស មានស្បៃនៅលើក្បាល។ ក្នុងនោះ បើនិយាយទៅសម្រស់របស់នាង នៅក្នុងឈុតនីមួយៗពិតជាស្អាតមួយបែបម្នាក់ គឺនាងពិតជាស័ក្តិសមជាព្រះជាយារបស់ព្រះអង្គម្ចាស់ Mateen ពិតប្រាកដមែន៕