វាសនាចារមកហើយ! តាមពិតព្រះអង្គម្ចាស់ Mateen និង ព្រះជាយា Anisha ជាមិត្តធ្លាប់រត់លេងជាមួយគ្នាតាំងពីតូចៗ
គិតមកទល់ពេលនេះ ព្រះរាជពិធីអភិសេករបស់ព្រះអង្គម្ចាស់ Mateen និង ព្រះជាយា Anisha ដែលបានចាប់ផ្តើមប្រព្រឹត្តទៅតាំងពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ ក៏នឹងកាន់តែកៀកដល់ថ្ងៃបញ្ចប់ ទៅតាមការគ្រោងទុក ដែលនឹងធ្វើឡើងរយៈពេល ១០ ថ្ងៃហើយ។
ព្រះរាជពិធីអភិសេករវាងអ្នកទាំងពីរ ពិតជាបានទទួលការអបអរច្រើនណាស់ពីសំណាក់មហាជនទាំងក្នុងស្រុក និង ក្រៅស្រុក ព្រោះទាំងគូពិតជាស័ក្តិសមគ្នាខ្លាំងណាស់។ បើក្រឡេកទៅមើលប្រវត្តិស្នេហារបស់អ្នកទាំងពីរវិញ គេមិនដឹងថាទ្រង់ទាំងពីរព្រះអង្គបានចាប់ផ្តើមទាក់ទងគ្នាពីពេលណានោះទេ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺ ព្រះអង្គម្ចាស់ និង ព្រះជាយា Anisha គឺធ្លាប់ជាមិត្តរត់លេង និង ស្គាល់គ្នាតាំងពីតូចៗមកម្ល៉េះ។
បើតាមព័ត៌មានបានឱ្យដឹងថា ជីតាបង្កើតរបស់ Anisha គឺធ្លាប់ជាទីប្រឹក្សាពិសេសរបស់ព្រះចៅស៊ុលតង់ ដូចនេះហើយទើបធ្វើឱ្យគ្រួសារនាងស្និទ្ធជាមួយនឹងគ្រួសាររបស់ព្រះមហាក្សត្រណាស់ ដោយចេញចូលវាំងជាញឹកញាប់។ ឯបងប្រុសរបស់នាង ក៏ជាមិត្តភក្តិជិតស្និទ្ធរបស់ព្រះអង្គម្ចាស់ តាំងពីតូចៗទៀត ហេតុនេះហើយទើបនាងក៏មានវត្តមាននៅជិតព្រះអង្គ បានរត់លេងបានស្គាល់គ្នាតាំងពីនោះមកឯង។
មើលតាមដំណើរដើមទង ទ្រង់ទាំងពីរពិតជាគូដែលបានចារមកពិតមែន មើលទៅដោយសារតែការស្និទ្ធស្នាលនៅជិតគ្នាយូរៗ ទ្រង់ទាំងពីរក៏ចាប់ផ្តើមចាប់អារម្មណ៍គ្នា ឈានចូលដល់ស្នេហា ចុងក្រោយក៏បានរៀបអភិសេកទៅតាមប្រពៃណីដោយមានការពេញចិត្តគាំទ្រពីក្រុមគ្រួសារទាំងសងខាង៕