(វីដេអូ) មនុស្សចេះដេកយល់សប្ដ ចុះមានឆ្ងល់អត់ថា សត្វចេះដេកយល់សប្តដូចមនុស្សយើងអត់ណ៎?
ការយល់សប្តសម្រាប់មនុស្សយើង គឺជារឿងធម្មតា។ អ្នកខ្លះអារម្មណ៍មិនសូវល្អ ឬមិនសូវស្រួលខ្លួន គ្រាន់តែបិទភ្នែកដាក់ក្បាលដល់ខ្នើយភ្លាម មកអស់ហើយយល់សប្តយល់សូងមួយយប់ៗមិនដឹងជាប៉ុន្មានរឿង ពេលខ្លះក៏ឆ្លៀតតគ្នាដូចរឿងភាគទៀត។ ឯអ្នកខ្លះទៀត មកពីធ្វើការហត់បិទភ្នែកទៅដាក់ខ្លួនទៅ ក៏បានស៊ប់ស្រួលខ្លួន មិនសូវយល់សព្វច្រើន បើយល់សប្តក៏យល់សប្តតែមួយរឿងៗ ភ្ញាក់មកវិញក៏ភ្លេចអស់បាត់។
និយាយដល់ត្រឹមនេះ តើមានអ្នកដែលឆ្ងល់ទេថា តើសត្វវាចេះយល់សប្តដូចយើងឬទេ? មួយយប់ៗវាដេកស្រួលខ្លួន ឬវាយល់សប្តច្របូលច្របល់វ៉ល់ៗដូចយើងដែរ?
ចម្លើយគឺ សត្វវាចេះយល់សប្តដូចតែយើងហ្នឹងឯង តែយល់សប្តរបស់វាខុសពីយើងតែបន្តិចបន្តួចប៉ុណ្ណោះ គឺប្រហែលជាមិនបានទៅយល់សប្តទៅឃើញលេខឆ្នោតដូចយើងទេ។ តាមការស្រាវជ្រាវបានឱ្យដឹងថា សត្វភាគច្រើនវាយល់សប្តពីរឿងរ៉ាវដែលវាធ្លាប់បានធ្វើ នៅពេលដែលវានៅភ្ញាក់។
ក្នុងនោះ គេបានពិសោធន៍ទៅសត្វកណ្តុរ ដែលត្រូវបានគេបង្ហាត់ឱ្យរត់នៅក្នុងផ្លូវដ៏ស្មុគស្មាញមួយ ដោយអ្នកវិទ្យាសាស្រ្តបានប្រើប្រាស់ឧបករណ៍កំណត់ទុកសកម្មភាពខួរក្បាលរបស់វា នៅពេលដែលវារត់។ ក្រោយមកគេយកសកម្មភាពខួរក្បាលនេះ ទៅប្រៀបធៀបជាមួយសកម្មភាពខួរក្បាលនៅពេលដែលវាកំពុងដេក ឯលទ្ធផលនោះគឺទិន្នន័យទាំងពីរនេះគឺវាដូចគ្នា ដែលមានន័យថា សត្វកណ្តុរវាយល់សប្តថាវាកំពុងរត់នោះឯង៕