ចែកគ្នាដឹង! ក្រុមហ៊ុន Apple ហាមផ្តាច់មិនឱ្យយកទូរស័ព្ទដែលចូលទឹក ឬ សើម ទៅដាក់កប់នឹងអង្ករទេ បើមិនចង់អស់លុយទិញថ្មី
ជាធម្មតា កាលណាទូរស័ព្ទសើម ឬ ចូលទឹក ជម្រើសទីមួយដែលយើងនឹកឃើញ គឺយកទៅកប់ជាមួយអង្ករ ព្រោះយល់វាអាចជួយឱ្យស្ងួត និង ប្រើប្រាស់វិញបានធម្មតា តែខាងក្រុមហ៊ុន Apple បានដាស់តឿនទៅអតិថិជនរបស់ខ្លួនថា មិនគួរយកទូរស័ព្ទ iPhone ទៅដាក់កប់ជាមួយអង្ករនោះទេ។
ខាងក្រុមហ៊ុនបានឱ្យដឹងថា កាលដែរយកទូរស័ព្ទ មិនថាជាប្រភេទ iPhone ឬ ប្រភេទណាមួយ ទៅដាក់នៅជាមួយអង្ករនោះ វាអាចនឹងធ្វើឱ្យកម្ទេចកម្ទីតូចដែលចេញពីគ្រាប់អង្ករចូលទៅបំផ្លាញគ្រឿងខាងក្នុងរបស់ទូរស័ព្ទបាន។ លើសពីនេះទៅទៀត ហាមមិនឱ្យយកប្រដាប់ផ្លុំសក់មកផ្លុំឱ្យស្ងួតនោះទេ ហើយក៏មិនត្រូវយកក្រណាត់ទៅញ៉ុកជូតគ្រឿង ឬ កន្លែងដោតឌុយខ្លាំងៗនោះដែរ។
យ៉ាងណាមិញ បើសិនជាចូលទឹក ឬ សើម ក្រុមហ៊ុន iPhone បានណែនាំឱ្យយកមកគោះតិចៗនៅនឹងដៃ ហើយដាក់ហាលនៅកន្លែងដែលមានអាកាសធាតុល្អ ក្រោយមកទាល់តែស្ងួត ទើបគួរយកឆ្នាំងសាកមកដោតដើម្បីបើកម៉ាស៊ីនឡើងវិញ៕