ឈប់គិតរឿងស្ត្រីបង្វិលចង្ក្រានមិនជុំ អ្នកវិទ្យាសាស្ត្ររកឃើញ ៧ យ៉ាង បង្ហាញថាស្ត្រីមានភាពអស្ចារ្យជាងបុរស
គេតែងចាត់ទុកស្ត្រីជាភេទទន់ខ្សោយ ធ្វើអ្វីមិនបានច្រើន ធ្វើអ្វីមិនបានខ្លាំងដូចបុរស តែបើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ គេបានរកឃើញ ៧ យ៉ាង ដែលអាចបង្ហាញថាស្ត្រីពិតជាមានភាពអស្ចារ្យជាងបុរស។
១. សកម្មភាពសិក្សាល្អជាង
យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Columbia នៅទីក្រុងញ៉ូវយក ថ្វីបើស្ត្រីហាក់មិនចាំបាច់ឆ្លាតដូចបុរស ប៉ុន្តែស្ត្រីមានសកម្មភាពការសិក្សាល្អជាងបុរស។ ក្មេងស្រីមានសកម្មភាពល្អជាងដោយផ្អែកទៅលើចំណុចសម្គាល់សំខាន់ៗដូចជា ការយកចិត្តទុកដាក់ជាង អត់ធ្មត់ និង តស៊ូជាង ខ្នះខ្នែងជាង បត់បែនជាង និង ពូកែខាងរៀបចំទុកដាក់ជាង។
២. អនាម័យជាង
តាមរយៈមន្ទីរពិសោធន៍ The Brit Lap នៃសាកលវិទ្យាល័យ California បានរកឃើញថា ស្ត្រី ៩៣ ភាគរយ បានលាងសម្អាតដៃបន្ទាប់ពីប្រើប្រាស់បន្ទប់ទឹករួច ខណៈបុរសបានលាងសម្អាតដៃតែ ៧៧ ភាគរយប៉ុណ្ណោះ។ រីឯបន្ទប់ការិយាល័យរបស់បុរសក៏មានបាក់តេរីច្រើនជាងស្ត្រីប្រមាណ ១០ ភាគរយ ផងដែរ។
៣. ធ្វើការពហុជំនាញជាង
អាចថាមិនមែនជារឿងចម្លែកទេ ដែលស្ត្រីធ្វើការបានច្រើនមុខក្នុងពេលតែមួយ បើនិយាយពីស្ត្រីមេផ្ទះវិញ ដូចដែលគេតែងតែហៅថាមាតាដៃ ១០០ មិនខុសឡើយ។ តាមការសិក្សារបស់សាកលវិទ្យាល័យ Glasgow នៅប្រទេសស្កុតឡែន គេបានធ្វើតេស្តទៅលើមនុស្សស្រី និង មនុស្សប្រុស ជាមួយការស្វែងរកកូនសោដែលបាត់ និង ការឆ្លើយសំណួរនៅលើទូរស័ព្ទក្នុងពេលតែមួយ។ ជាលទ្ធផល ការធ្វើការរបស់មនុស្សស្រីមានការយល់ដឹង និង យកចិត្តទុកដាក់បានខ្ពស់ជាង រាប់តាំងពីការរៀបគម្រោង ការគ្រប់គ្រងការផ្តោត និង ភាពច្បាស់លាស់ដោយមិនបែកអារម្មណ៍។
៤. ទប់ទល់ជាមួយការឈឺចាប់
រឿងមួយដែលមនុស្សប្រុសមិនអាចធ្វើបាន គឺការពពោះបង្កើតកូន។ ហើយនៅពេលនិយាយដល់ការឈឺចាប់ ប្រាដកណាស់ស្ត្រីគឺជាមនុស្សដែលពូកែទ្រាំបំផុត។ គេបានធ្វើតេស្តការឈឺពោះសម្រាលកូនរវាងបុរស និង ស្ត្រី។ ជាលទ្ធផលស្ត្រីមានការទ្រាំនឹងការឈឺចាប់បានខ្លាំងជាងបុរស។ សូម្បីការធ្វើតេស្តយកដៃដាក់ក្នុងធុងទឹកកក ស្ត្រីអាចទ្រាំរយៈពេលជាមធ្យម ១៦,១ វិនាទីយូរជាងបុរស។
៥. សុខភាពល្អជាងបុរស
តាមការស្រាវជ្រាវ រាងកាយមនុស្សស្រីមានប្រព័ន្ធភាពសុំាខ្លាំងជាងបុរស។ ស្ត្រីមានអ័រម៉ូនម្យ៉ាងហៅថា estrogen ដែលជាអាវុធដ៏ខ្លាំងក្លាអាចប្រឆាំងជាមួយការឆ្លងមេរោគបានច្រើនប្រភេទ។ មួយវិញទៀត បើតាមការសិក្សារបស់អង់គ្លេស ស្ត្រីមានអាយុវែងជាងបុរស ពីចន្លោះ ៥ ទៅ ១០ឆ្នាំ។ ចំណោមអត្រាមនុស្សជុំវិញពិភពលោក ស្ត្រីអាចនៅរស់ដល់អាយុ ១០០ឆ្នាំ មានដល់ទៅ ៨៥ ភាគរយ។
៦. ស្ត្រីមានការគ្រប់គ្រង និង ដឹកនាំល្អជាង
សព្វថ្ងៃស្ត្រីក្លាយជាអ្នកដឹកនាំសឹងគ្រប់វិស័យ។ តាមអ្នកជំនាញបានលើកឡើងថា ស្ត្រីធ្វើជាមេគេប្រសើរជាងបុរសធ្វើជាមេគេ នេះក៏ព្រោះស្ត្រីជាមនុស្សពូកែស្តាប់ ពូកែនិយាយ ពូកែដោះស្រាយបញ្ហា និងធ្វើការងារបានច្រើនយ៉ាងក្នុងពេលតែមួយ។ មួយវិញទៀត ស្ត្រីជាមនុស្សពូកែបញ្ចុះបញ្ចូល ពូកែលើកទឹកចិត្ត ហើយធ្វើការទំនាក់ទំនងឆាប់មានប្រសិទ្ធភាពជាងបុរស ជាពិសេសទាំងជាមួយបុគ្គលិក និងដៃគូវិនិយោគ។
៧. ស្ត្រីជាមនុស្សពូកែវិនិយោគជាង
តាមការសិក្សាទៅលើ ក្រុមហ៊ុនអាជីវកម្មប្រមាណ ១០០០០០ ស្ថាប័ន បានបង្ហាញថា របៀបវិនិយោគរបស់ស្ត្រីមានផលត្រលប់មកវិញច្រើនជាងបុរសដល់ទៅ ១៨ ភាគរយ។ នេះក៏ដោយសារស្ត្រីមានការប្រុងប្រយ័ត្នខ្ពស់ទៅលើការសម្រេចចិត្តក្នុងការវិនិយោគ ជាពិសេសមានការគិតវែងឆ្ងាយជាងបុរស៕