ដល់-ក! លេបកាក់ និង ដែកចូលពោះជាង ៧០ គ្រាប់ ព្រោះជឿថាជួយបង្កើនជាតិដែកធ្វើឱ្យសាច់ដុំរឹងមាំល្អ
បុរសជនជាតិឥណ្ឌា វ័យ ៣៩ ឆ្នាំម្នាក់ ប៊ិះនឹងអស់ជីវិតដោយសារគំនិតចម្លែករបស់ខ្លួនឯង ដោយនឹកឃើញអីទៅលេបទាំងកាក់ និងមេដែកចូលក្នុងពោះ គិតថាជួយបង្កើនជាតិដែក ធ្វើឱ្យសាច់ដុំរឹងមាំ តែមានអីក្អួតសឹងធ្លាយក្រពះ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ មានការឈឺពោះ ព្រមទាំងក្អួតជាប់គ្នាជាង ២០ ថ្ងៃ ព្រមទាំងមិនអាចទទួលទានអាហារបានឡើយ ទើបខាងគ្រួសារក៏បានបញ្ជូនទៅមន្ទីរពេទ្យ។ ទៅដល់មន្ទីរពេទ្យខាងគ្រួសារក៏បានប្រាប់ថា បុរសរូបនេះ កំពុងមានបញ្ហាខាងសតិអារម្មណ៍ ហើយបានលេបកាក់ និងមេដែករហូតប៉ុន្មានថ្ងៃមុននេះ ទើបពេទ្យក៏បានធ្វើការថតមើល ក៏ឃើញមានកាក់ និងមេដែកច្រើនណាស់ ដែលកំពុងស្ទះក្នុងពោះវៀន ហើយពេទ្យក៏បានធ្វើការវះកាត់ជាបន្ទាន់តែម្តង។ ក្នុងការវះកាត់នេះ គេបានយកកាក់ចំនួន ៣៩ កាក់ និង មេដែកចំនួន ៣៧ មេដែក ចេញមកដោយជោគជ័យផងដែរ។
យ៉ាងណាមិញ ក្រោយពីបានដឹងខ្លួនហើយ ខាងគ្រូពេទ្យក៏បានសួរមូលហេតុបុរសនោះ ទើបគេបានឱ្យដឹងយ៉ាងគួរឱ្យហួសចិត្តថា វត្ថុទាំងនេះមានជាតិដែកស័ង្កសី ដែលអាចជួយធ្វើឱ្យគេទទួលបានរាងកាយមាំមួន មានសាច់ដុំហាប់ណែនតាមប្រាថ្នាបាន។ ដោយឡែក បន្ទាប់ពីសម្រាកនៅពេទ្យបាន ៧ ថ្ងៃ បុរសរូបនេះ ក៏បានត្រឡប់ទៅផ្ទះវិញជាធម្មតា៕